(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន អ & អេហ្វ ប្រផឹធី កម្ពុជា បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្រ្តរយៈពេលវែងជាមួយគ្នា ដែលមានកម្មវត្ថុចម្បងផ្ដោតសំខាន់ទៅលើការផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស ជូនដល់មេធាវីទាំងអស់នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការទិញផ្ទះពីបុរី អ & អេហ្វ ។ ការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្រ្តនេះ បានប្រារព្ធឡើងនៅទីតាំងការិយាល័យរបស់ក្រុមហ៊ុន អ & អេហ្វ ប្រផឹធី កម្ពុជា ស្ថិតនៅលើមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានបំណងចង់ទិញផ្ទះពីបុរី អ & អេហ្វ គឺគ្រាន់តែបង្ហាញកាតដែលបញ្ជាក់ថាជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានការបញ្ចុះតម្លៃពិសេសពីក្រុមហ៊ុន អ & អេហ្វ ប្រផឹធី កម្ពុជា ។

ក្រោយពីការប្រារព្ធពិធីចុះកិច្ចព្រមព្រៀង ថ្នាក់ដឹកនាំក្រុមហ៊ុនក៏បានអមដំណើរជូនថ្នាក់ដឹកនាំនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះទស្សនកិច្ចនៅទីតាំងគម្រោងបុរី អ & អេហ្វ ព្រមទាំងបង្ហាញពីបន្ទប់គំរូ ដែលមានច្រើនទម្រង់យ៉ាងសំបូរបែបផងដែរ ។ បន្ទាប់ពីនេះ ក៏មានការរៀបចំឱ្យមានការពិសារអាហារសាមគ្គីរវាងភាគីទាំងពីរ ដើម្បីបង្ហាញពីការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគ្នាទៅវិញទៅមក ក្នុងការក្លាយជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយគ្នានេះ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ & អេហ្វ ប្រផឹធី កម្ពុជា ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏មានសក្ដានុពលមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះរួមមានគម្រោង បុរី អ & អេហ្វ ដែលលាតសន្ធឹងនៅតាម
បណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ។ បុរី អ & អេហ្វ ជាគម្រោងអភិវឌ្ឍចំណែកឯកជន (ខុនដូ) មានកម្ពស់ជាង ៣០ ជាន់ និងមានទីតាំងស្ថិតនៅទីប្រជុំជន ដែលអាចផ្ដល់ជូនអតិថិជននូវការរស់នៅបែបទំនើប និងមានផាសុខភាព ។

បន្ទាប់ពីការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្រ្តនេះ ភាគីទាំងពីរសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះ នឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលឈ្នះ-ឈ្នះ ៕