(ព្រះសីហនុ)៖ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃមន្ទីររៀបចំដែនដីទាំងអស់ ចូលរួមអនាម័យសម្អាតបរិស្ថាននៅតាមបណ្តាលឆ្នេរ ដើម្បីចូលរួមអបអរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ធ្វើនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ដែលចាប់ផ្តើមពីឆ្នេរសម្តេចតេជោ រហូតដល់ឆ្នេរពយជំទាវម៉ៅ។

ក្នុងឱកាសនេះ លោក ចេង ស្រុង បានលើកឡើងថា ការចុះសម្អាតបរិស្ថានតាមឆ្នេរនាថ្ងៃនេះ គឺបានឆ្លុះបញ្ចាំងអំពីសាមគ្គីភាពរបស់ពួកយើងទាំងអស់គ្នា លើការយកចិត្តទុកដាក់ចំពោះបរិស្ថាន យើងទាំងអស់គ្នាសុទ្ធតែមានការវិភាគ និងកាតព្វកិច្ចរៀងៗខ្លួន ប៉ុន្តែពួកយើងក៏មានទំនួលខុសត្រូវរួមគ្នាមួយ គឺការចូលរួមចំណែកដើម្បីថែរក្សាបរិស្ថានក្នុងសង្គមជាតិយើង (បរិស្ថានស្អាត អនាម័យល្អ ឆ្នេរមានសោភ័ណ្ឌភាពស្រស់បំព្រង គឺផ្តើមចេញពីយើងទាំងអស់គ្នា)។

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានបន្ថែមថា ផ្អែកលើបរិបទនេះទាមទារឲ្យយើងមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការវេចខ្ចប់ទុកដាក់កាកសំណល់ឲ្យបានត្រឹមត្រូវ និងមានការពិចារណាគិតគូរឲ្យបានដិតដល់ អំពីទិដ្ឋភាពសណ្តាប់ធ្នាប់ បរិស្ថានស្អាត សន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍន៍ និងគ្រប់គ្រង់ទីក្រុងរបស់យើងដើម្បីផ្តល់នូវផាសុខភាព និងភាពរីករាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលមកទស្សនា និងសម្រាកកំសាន្តនៅខេត្តព្រះសីហនុ៕