(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមម៉ោង២រសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ ហឹបសន្លឹកកិច្ចការទាំងអស់របស់បេក្ខជន នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ត្រូវបានដឹកពីបណ្ដាខេត្តមកដល់មណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ។

ក្រសួងបញ្ជាក់ថា ហឹបសន្លឹកកិច្ចការទាំងអស់របស់បេក្ខជន ត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ និងសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត អប្បមាទទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ។

សូមជម្រាបថា ដំណើរការប្រឡងសំណេរ នៃការប្រឡងសញ្ញាបត្រ រយៈពេល២ថ្ងៃ គឺថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ បានដំណើរការទៅដោយគោរពតាមគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងទទួលយកបាន។

ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨១៣៥នាក់ ស្រី៦៨៧៧១នាក់, មណ្ឌលប្រឡង ២២១, និងត្រូវជា ៥១៧៤បន្ទប់។

តាមការគ្រោងទុកលទ្ធផលប្រឡង នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ និងផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh ផងដែរ៕