(ក្រចេះ)៖​ កម្លាំងកងរាជអាវុធហត្ថ ក្រោមការបញ្ជារប​ស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានដុតកម្ទេចចោលរថយន្តសាំយ៉ុងកែច្នៃ២គ្រឿង ដែលដឹកនាំឈឺខុសច្បាប់ បន្ទាប់ពីកម្លាំងជំនាញបង្ក្រាបបាន និងឃាត់ទុកជាង១ខែ នៅស្រុកព្រែកប្រសព្វ។

រថយន្ដទាំង២គ្រឿងនេះ ដឹកឈើគ្មានច្បាប់អនុញ្ញាតត្រូវអាវុធហត្ថខេត្តក្រចេះ​ សហការ​ជាមួយ​អាវុធហត្ថ​ស្រុកស្ទឹងត្រង់​ និងខេត្តកំពង់ចាម​ បង្ក្រាបបានកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ​ ក្រោយពីរក្សាទុក និងស្រាវជ្រាវរកម្ចាស់អស់ពេលជាង១ខែរួចមក។

មន្រ្តីអាវុធហត្ថខេត្តក្រចេះ បានឱ្យដឹងថា ការដុតបំផ្លាញរថយន្តដឹកឈើទាំង២គ្រឿងនេះ​ ក្រោមការចូលរួមពីសំណាក់កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស​ អាវុធហត្ថ​ខេត្តក្រចេះ​ អាវុធហត្ថខេត្តស្ទឹងត្រែង និងអាវុធហត្ថខេត្តកំពង់ចាម​ ចំណែក​ឈើជាច្រើនម៉ែត្រគូប ត្រូវបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើរក្សាទុក ហើយកម្លាំងអាវុធហត្ថ បានបំផ្ទុះ និងដុតកម្ទេចរថយន្ដសាំយ៉ុងកែច្នៃ២គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ។

បច្ចុប្បន្ន​ ឈើដែលបង្ក្រាបបានប្រគល់ជូនទៅកម្លាំងជំនាញរក្សាទុក ប៉ុន្តែរថយន្តត្រូវយកទៅកម្ទេចចោល ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវអត្តសញ្ញាណអ្នកប្រព្រឹត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕