(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២។

សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ឆ្នាំ២០២២ ជាឆ្នាំទី៨ និងជាលើកទី៩ ដែលអង្គភាពប្រឆាំងអំពើពុករលួយ បានសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ចូលរួមសង្កេតការណ៍លើដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ក្នុងសម័យប្រឡង ០៥ ធ្នូ ២០២២នេះ មានថ្នាក់ដឹកនាំ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាង ៣ ០០០ នាក់ ដោយក្នុងនោះ អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំមន្ត្រីប្រចាំតាមមណ្ឌលប្រឡង ១នាក់ ក្នុង ១មណ្ឌលប្រឡង និងបានដាក់ពង្រាយអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដោយអនុវត្ត តាមនិយាម ១នាក់ សង្កត ២បន្ទប់ នៅគ្រប់មណ្ឌលប្រឡងទាំង ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់ ទូទាំងរាជធានី-ខេត្ត ដើម្បីធានាឲ្យបាននូវគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

តាមរយៈការសង្កេតការណ៍លើការរៀបចំ និងការប្រព្រឹត្តទៅនៃដំណើរការសំណេរ អង្គភាពប្រឆាំងអំពើពុករលួយ សូមធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ នៃក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី កងកម្លាំងសមត្ថកិច្ច មន្ត្រីសុខាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពបទប្បញ្ញត្តិជាធរមាន និងមានចំណាត់ការឆ្លើយតប បានយ៉ាងទាន់ពេលវេលាលើរាល់បាតុភាពនានា ដែលកើតមានឡើងជាយថាហេតុ។

អង្គភាពប្រឆាំងអំពើពុករលួយ ក៏សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលបានរៀបចំអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ឲ្យចូលរួមសង្កេតការណ៍ លើដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងពេលកន្លងមក និងពេលនេះ។ កាយវិការប្រកបដោយអត្ថន័យនេះ បង្ហាញនូវឆន្ទៈដ៏មោះមុត ក្នុងការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់លើវិស័យអប់រំ និងពង្រឹងសមត្ថភាពរបស់យុវជនជំនាន់ក្រោយ ដែលជាធនធានមនុស្សសម្រាប់បន្តវេនសង្គមកម្ពុជា ឲ្យកាន់តែរឹងមាំថែមទៀត។

ជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើពុករលួយ សូមថ្លែងអំណរគុណ និងកោតសរសើរដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ ពេលវេលានៃយុវវ័យរបស់ខ្លួនមកបំពេញការងារស្ម័គ្រចិត្ត ដើម្បីឆ្លើយតបនឹងដំណើរការនៃកំណែទម្រង់លើវិស័យអប់រំ សំដៅពង្រឹង និងពង្រីកគុណភាពយុវជនជំនាន់រួមគ្នា។ យុវជន ពិតជាធនធានដ៏មានតម្លៃ កម្លាំងដ៏ខ្លាំងក្លាក្នុងការរុញច្រានការអភិវឌ្ឍសង្គមជាតិ
ដូច្នេះយុវជនត្រូវប្រើប្រាស់ភាពយុវវ័យរបស់ខ្លួនឱ្យមានប្រយោជន៍ដល់ខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល៕