(ចិន)៖ អតីតឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសបារាំង លោក Wu Jianmin បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍​មួយ នៅព្រឹកថ្ងៃសៅរិ៍នេះ ក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់​ទីភ្នាក់ងារ​សារព័ត៌មានចិនស៊ិនហួ នៅមុននេះបន្តិច នាថ្ងៃទី១៨ ខែមិថុនា។

យោងតាមការបញ្ជាក់ពីប៉ូលិសប្រចាំតំបន់បានឲ្យដឹងថា លោក Jianmin បានធ្វើដំណើរការចេញពីអាកាសដ្ឋាន​ មក​កាន់​ទីក្រុង ​Wuhan ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍នៅម៉ោងប្រមាណ ៤ព្រឹក ប៉ុន្តែគេមិនបានបញ្ជាក់ពីព័ត៌មាន​លម្អិត​នៃគ្រោះថ្នាក់នោះឡើយ។

លោក Jianmin បានកើតនៅឆ្នាំ ១៩៣៩ និងបានបញ្ជាប់ការសិក្សានៅវិទ្យាស្ថានភាសាបរទេស ក្នុងនោះលោកមានជំនាញភាសាបារាំងខ្លាំងជាងគេ។ នៅ ១៩៨៥ លោកត្រូវបាន​ទទួលតំណែងជាទីប្រឹក្សារបស់ចិន នៅ​ UN និងអាមេរិក ហើយក្រោយមកនៅឆ្នាំ ១៩៨៩ លោកទទួលបានតំណែងជា អនុប្រធានបេសកកម្មអចិន្រ្តៃយ៍របស់ PRC នៅអង្គការសហប្រជាជាតិ។ នៅឆ្នាំ ១៩៩១ លោកទទួលបានតំណែងជា ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសហូឡង់ ហើយនៅឆ្នាំ ១៩៩៦ ទទួលបានមុខងារ ជាតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន នៅ UN និងជាចុងក្រោយ​គឺ​នៅឆ្នាំ ១៩៩៨ លោកទទួលបានតំណែងជាឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសបារាំង៕