(បាត់ដំបង)៖ បុរសវ័យ៥៨ឆ្នាំម្នាក់ ដែលមានជំងឺមានជំងឺប្រចាំកាយ ដោយដាច់សរសៃខួក្បាល (និយាយមិនចេញ) និងប្រពន្ធមានជំងឺបេះដូង និងក្អករ៉ាំរ៉ៃជាប្រចាំ និងមានកូន៤នាក់ ក្នុងបន្ទុកទៀតផងនោះរស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង។

អំណោយទាំងនេះត្រូវបានលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់លោក កុសុម សុភីនារ៉ា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្រ្តីប្រតិបត្តិសាខា រួមជាមួយក្រុមកាកបាទក្រហមសង្កាត់បាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូន នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ។

បើតាមនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឱ្យដឹងថា លោកបានដឹកនាំមន្រ្តីប្រតិបត្តិសាខា រួមជាមួយក្រុមកាកបាទក្រហមសង្កាត់បាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់លោក ឃឿន ឃត អាយុ៥៨ឆ្នាំ ដែលមានជំងឺប្រចាំកាយដាច់សរសៃខួក្បាល និយាយមិនចេញ (ពិការភាពសសៃបំពង់សម្លេង) លេបថ្នាំជាប្រចាំនិងប្រពន្ធឈ្មោះ ចាន់ សារ៉ន អាយុ ៤៩ឆ្នាំ មានជំងឺប្រចាំកាយ គឺជំងឺបេះដូង ក្អករ៉ាំរ៉ៃ ប្រើថ្នាំរាល់ថ្ងៃ ព្រមទាំងមានកូនក្នុងបន្ទុកគ្រួសារចំនួន៤នាក់ រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ក្នុងឱកាសនោះ លោក កុសុម សុភីនារ៉ា បាននាំនូវប្រសាសន៍របស់លោក សុខ លូ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់ក្រុមគ្រួសារលោក ឃឿន ឃត និងគ្រួសារ។

លោកនាយកសាខា បានបញ្ជាក់ថា លោក សុខ លូ បន្ទាប់ពីបានឃើញព័ត៌មានអំពីករណីដ៏លំបាករបស់លោក ឃឿន ឃត លោក បានសម្តែងនូវក្តីអាណិតអាសូរ ហើយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗ ដើម្បីពិនិត្យពីស្ថានភាពរស់នៅជាក់ស្តែង និងនាំយកអំណោយជួយសម្រាលការលំបាកក្នុងការរស់នៅរបស់ ឃឿត ឃត ផងដែរ។

បន្ទាប់ពីទទួលបានការឧបត្ថម្ភខាងលើនេះ លោកស្រី ចាន់ សារ៉ន (ជាប្រពន្ធ) បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានលោក សុខ លូ ជាប្រធានគណៈកម្មាធិការសាខា ដែលបានគិតគូរ ពីជីវភាពរស់នៅ រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការផងដែរ។

អំណោយរបស់សាខាខេត្តបានផ្ដល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម, ទឹកសុទ្ធ៥ កេស, មី៥ កេស, ត្រីខ ៥យួរ, ទឹកត្រី ២យួរ, ទឹកស៊ីអ៉ីវ ២យួរ និងថវិកា ៥០ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៥ ខែធ្នូ ម្សិលមិញ លោក ផេង សិទ្ធី ប្រធានអនុសាខាកាកបាទក្រហមក្រុងបាត់ដំបង បាននាំអំណោយ និងថវិកាមួយចំនួនចុះសួសុខទុក្ខដល់ក្រុមគ្រួសារខាងលើ ដើម្បីសង្រ្គោះបឋមផងដែរ៕