(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំត្រៀមរៀបចំទទួលបដិសណ្ឋាកិច្ច ចំពោះព្រះរាជដំណើរយាងមកបំពេញព្រះរាជកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីសម្ពោធមណ្ឌលព្រះកម្មដ្ឋានព្រះករុណាព្រះមហាក្សត្រសីហមុនី ស្ថិតនៅក្នុងភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងមានការនិមន្តចូលរួមពីសំណាក់ព្រះមេគណគណៈធម្មយុត្តិកខេត្ត លោកប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត តំណាងអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលសង្កាត់គោកចកចូលរួមផងដែរ។

លោកស្រី យូ សុភា បានលើកឡើងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យសម្តេចនឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យសម្ពោធមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រសីហមុនី ស្ថិតក្នុងភូមិតាក់បេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។

លោកស្រី យូ សុភា ក៏បានដាក់នូវផែនការដល់រដ្ឋបាលក្រុង កងកម្លាំង និងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវចាត់ចែងរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ និងមន្ទីរសុខាភិបាល សហការជាមួយរដ្ឋបាលក្រុង គួររៀបចំទីតាំងជាក់លាក់ណាមួយនៅមូលដ្ឋានសម្រាប់ការធ្វើតេស្តរហ័សដល់ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងព្រះរាជពិធីនេះផងដែរ។

ម៉្យាងទៀតសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព សេចក្តីថ្លៃថ្នូរ ចៀសវាងនូវបញ្ហាកើតឡើងជាយថាហេតុ ត្រូវសហការដឹកនាំរៀបចំពិនិត្យដោយហ្មត់ចត់ទៅលើសម្ភារៈ និងមធ្យោបាយដឹកនាំក្បួនគណៈប្រតិភូតាមគោលដៅឱ្យបានច្បាស់លាស់។

ជាមួយនេះដែរ រដ្ឋបាលក្រុងត្រូវជំរុញឱ្យប្រជាពលរដ្ឋរក្សាអនាម័យ បរិស្ថាន នៅអមសងខាងផ្លូវ និងត្រូវចូលរួមទាំងអស់គ្នា ក្នុងការធ្វើអនាម័យ ថែរក្សាបរិស្ថានជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន ជាពិសេសស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវនានា ត្រូវរក្សាសណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយល្អផងដែរ៕