(ប៉ារីស)៖ ក្រុមដែលមានរហស្សនាមថា «រាជសីហ៍រោមមាស» ព័រទុយហ្គាល់ សំលឹងឃើញ ៣ពិន្ទុនៅខាងមុខ ពេលប៉ះក្រុមអូទ្រីស នាម៉ោង ២រំលងអាធ្រាត្ររាត្រីនេះ ក្នុងការប្រកួតលើកទី២របស់ពួកគេ ក្នុងព្រឹត្តិការណ៍បាល់ទាត់ Euro 2016 នៅប្រទេសបារាំង។

តាមរយៈសារព័ត៌មាន Dailymail បានឲ្យដឹងថា ក្រុមដែលមានកីឡាករជើងខ្លាំង Cristiano Ronaldo បានកំពុងតែ ឈរនៅលេខរៀងទី២ ក្នុងពូល F បណ្តោះអាសន្ន ក្រោយលេងបានត្រឹមស្មើលទ្ធផល ១-១ ទល់នឹងក្រុមជម្រើសជាតិ អ៊ីស្លង់ ពី១ប្រកួតដំបូង ដោយ៣ពិន្ទុយប់នេះសំខាន់ណាស់ ដើម្បីឡើងទៅឈរនៅកំពូលតារាងវិញ គ្រាដែលអ៊ីស្លង់ ត្រូវប្រជែងយក ៣ពិន្ទុជាមួយហុងគ្រី នាម៉ោង ១១៖០០នាទីយប់នេះដូចគ្នា។

ព័រទុយហ្គាល់ ធ្លាប់លេងឈ្នះអូទ្រីស (Austria) ២ដង ស្មើ២ដង និងចាញ់២ដងដូចគ្នា ពីប្រវត្តិជួបគ្នា៦ដងនាពេល កន្លងមក ហើយការឈ្នះនោះដែរ គឺមិនលើសពី១គ្រាប់ឡើង ពោលគឺធ្លាប់ឈ្នះ ១-០ និង ២-១ ប៉ុណ្ណោះ ក្រៅពីធ្លាប់ ស្មើ ១-១ និង ០-០ ក្រៅពីធ្លាប់ចាញ់ ២-១ និងអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺព័រទុយហ្គាល់ធ្លាប់ចាញ់អូទ្រីស ស្ពឹកមុខដោយលទ្ធផលបច្ចេកទេស ៩-១ កាលពីឆ្នាំ១៩៥៣ ក្នុងវគ្គជម្រុះ World Cup ក្នុងទឹកដីរបស់អូទ្រីស តែត្រឡប់មកលេងក្នុងទឹកដីរបស់ខ្លួនវិញ បានត្រឹមស្មើ ០-០ ប៉ុណ្ណោះ។

តែយ៉ាងណាក៏ដោយ នោះគ្រាន់តែជាប្រវត្តិដ៏ឈឺចាប់កាលពីជិត៦០ឆ្នាំកន្លងមកទេ ហើយអ្វីដែលសំខាន់ អូទ្រីសធ្លាប់ លេងចាញ់ហុងគ្រី រហូតទៅ ២-០ ខណៈដែលព័រទុយហ្គាល់ អាចនឹងលេងសង់តង់គ្នាវិញក៏ថាបាន ដើម្បីប្រជែងយក ៣ពិន្ទុឲ្យទាល់តែបានក្នុងកីឡដ្ឋាន Stade de France ស្ថិតក្នុងទីក្រុងប៉ារីស។

៣ប្រកួតបន្តនារាត្រីនេះ គឺប៊ែលហ្ស៊ិក ប៉ះសាធារណរដ្ឋអៀរឡង់ ម៉ោង ៨យប់ ក្នុងពូល E និងហុងគ្រី ប៉ះអ៊ីស្លង់ ម៉ោង ១១យប់ ហើយព័រទុយហ្គាល់ ប៉ះអូទ្រីស ម៉ោង ២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ក្នុងពូល F៕