(ភ្នំពេញ)៖ កម្ពុជានិងជប៉ុន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានកត់សម្គាល់ដោយការពេញចិត្ត ដែលទំនាក់ទំនងនេះត្រូវបានលើកកម្ពស់ទៅដល់កម្រិតភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣ ដែលជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក មិកាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលនឹងចប់អាណត្តិបេសកកម្មការទូត វាយតម្លៃបែបនេះ ក្នុងឱកាសដែលលោកឯកអគ្គរាជទូតចូលជួបសម្តែងការគួរសម និងជម្រាបលា លោកឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេស។

សេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាន គឺឲ្យដឹងទៀតថា លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូតជប៉ុន បានយល់ស្របគ្នារៀបចំសកម្មភាពមួយចំនួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ ហើយក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់អំពីការត្រៀមទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នៅចុងខែមករាឆ្នាំក្រោយ តបតាមការអញ្ជើញរបស់សមភាគីជប៉ុន។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការរួមចំណែកយ៉ាងសកម្មរបស់ លោក ឯកអគ្គរាជទូត ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ជាពិសេស ការរៀបចំបានយ៉ាងល្អសម្រាប់ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ រួមទាំងដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី KISHIDA Fumio មកកាន់កម្ពុជា កាលពីខែមីនាឆ្នាំនេះ និងការអញ្ជើញ ចូលរួមរបស់លោកនាយករដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំកំពូលពាក់ព័ន្ធអាស៊ាន កាលពីខែវិច្ឆិកាថ្មីៗនេះ ក៏ដូចជា ដំណើរទស្សនកិច្ចទាំងពីរលើករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីបញ្ហាទឹកនៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក នៅទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន កាលពីខែមេសាឆ្នាំនេះ និងដើម្បីទៅចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ លោក ABE Shinzo អតីតនាយករដ្ឋមន្ត្រីជប៉ុន កាលពីខែកញ្ញាកន្លងទៅនេះផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា និងចំពោះការគាំទ្ររបស់ជប៉ុនដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងការស្ដារឡើងវិញក្រោយជំងឺកូវីដ-១៩ របស់កម្ពុជា។

លោកឯកអគ្គរាជទូត ម៉ាសាហ៉ីរ៉ូ បានកោតសរសើរចំពោះការធ្វើជាប្រធានអាស៊ានប្រកបដោយជោគជ័យរបស់កម្ពុជា ជាពិសេស ចំពោះការបំពេញតួនាទីដ៏ល្អប្រសើររបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈជាប្រធានកិច្ចប្រជុំ ដែលបាននាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ហើយនិងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ ខណៈពេលមានវិបត្តិដ៏ធ្ងន់ធ្ងរជាច្រើននៅក្នុងតំបន់ និងអន្តរជាតិ។

លោកឯកអគ្គរាជទូត ក៏បានកោតសរសើរកម្ពុជាផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ដោយបានគូសបញ្ជាក់ថា បើគ្មានកិច្ចខិតខំប្រឹងប្រែងទាំងនេះទេ ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា អាចនឹងកាន់តែអាក្រក់ខ្លាំងជាងនេះ។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជប៉ុនចំពោះការគាំទ្រយ៉ាងសំខាន់ដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៕