(ភ្នំពេញ)៖ កម្ពុជាអាចនឹងធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាវិស្វករឌីជីថលអាស៊ាន នាខែមីនា ឆ្នាំ២០២៣ ដើម្បីជាការចែករំលែកនូវបទពិសោធន៍ និងព័ត៌មានពីគ្នាទៅវិញទៅមកឱ្យកាន់តែប្រសើរបន្ថែមទៀត។ នេះបើតាមលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការឱ្យដឹងនេះធ្វើឡើងក្នុងជំនួបជាមួយប្រធានស្ថាប័ន អង្គការសហព័ន្ធវិស្វកម្មអាស៊ាន ដឹកនាំដោយលោក Bambang Goeritno អគ្គលេខាធិការវិទ្យាស្ថានវិស្វករឥណ្ឌូណេស៊ី ដើម្បីពិភាក្សាការងារអំពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន ដែលសម្រេចបាននាពេលកន្លងមក។ ជំនួបនេះដែរធ្វើឡើងបន្ទាប់ពីបើកសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ ដែលធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានស្នើឱ្យមានការគាំទ្រពីតំណាងស្ថាប័នវិស្វកម្មអាស៊ាន ក្នុងការផ្តួចផ្តើមឱ្យមានការរៀបចំសិក្ខាសាលាវិស្វករឌីជីថលអាស៊ាន ដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះរៀបចំក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ ដើម្បីជាការចែករំលែកនូវបទពិសោធន៍ និងព័ត៌មានពីគ្នាទៅវិញទៅមកឱ្យកាន់តែប្រសើរបន្ថែមទៀត។

ជាមួយនឹងនេះដែរ តំណាងស្ថាប័នវិស្វកម្មអាស៊ានបានគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់លោករដ្ឋមន្ត្រីក្នុងការរៀបចំសិក្ខាសាលាវិស្វករឌីជីថលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក អ៉ិត សំហេង ចង់ឃើញអង្គការសហព័ន្ធវិស្វកម្មអាស៊ាន ដើរតួនាទីកាន់តែសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យវិស្វកម្ម និងចង់ឃើញជំនាញវិស្វករនៃបណ្តាប្រទេសទាំងអស់ក្នុងតំបន់អាស៊ានមានចំនួនកាន់តែច្រើន៕