(រតនគិរី)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសតែងតាំង និងចូលកាន់តំណែងលោក រស់ ពិសិដ្ឋ ជាប្រធានសាលាដំបូងខេត្តរតនគិរី ជំនួសលោក នៅ យ៉ារ័ត្ន ដែលត្រូវបានតែងតាំងជាអនុប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ។

ពីធីនេះក៏មានការចូលរួមពីសំណាក់លោក សុខ ហម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ប្រធានសាលាដំបូង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ព្រមទាំងចៅក្រម ព្រះរាជអាជ្ញារង និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនេះលោក ញ៉ែម សំអឿន បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះលោកអតីតប្រធានសាលាដំបូងខេត្តរតនគិរី នាពេលកន្លងមកនេះ ដោយបានសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរ ជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការដឹកនាំ អនុវត្តវិស័យច្បាប់ និងវិស័យតុលាការ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាពិសេសសង្ឃឹមថា ប្រធានសាលាដំបូងខេត្តរតនគិរីថ្មី នឹងបន្តសហការ និងមានទំនាក់ទំនងល្អលើវិស័យយុត្តិធម៌ ធានាបានសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈសង្គមល្អប្រសើរ និងសម្រេចបាននូវសមិទ្ធផលល្អៗ ជាបន្តបន្ទាប់។

ថ្លែងក្នុងពិធីនេះលោក កើត រិទ្ធ បានថ្លែងថា ការផ្លាស់ប្ដូរតួនាទីនេះ គឺជារឿងធម្មតារបស់មន្ត្រីរាជការ ដើម្បីពង្រឹងរបៀបរបបការងារ ក្នុងស្ថាប័ន ធានានូវកិច្ចដំណើរការការងារកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់សំដៅ លើកកម្ពស់ សេវាកម្មផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ផ្ដល់ភាពយុត្ដិធម៌ ដោយមិនលំអៀង និងយុត្តិធម៌។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក នៅ យ៉ារ័ត្ន ដែលបានដឹកនាំសាលាដំបូងខេត្តរតនគិរី ជាច្រើនឆ្នាំកន្លងមកនេះ ចូលរួមចំណែកក្នុងការធានាសន្តិសុខសង្គម ការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុង មានកិច្ចសហការល្អ ជាមួយអាជ្ញាធរអនុវត្តច្បាប់នៅមូលដ្ឋានបានយ៉ាងល្អប្រសើរ។

លោក កើត រិទ្ធ បានថ្លែងអំណរគុណអភិបាលខេត្តរតនគិរី និងអាជ្ញាធរដែនដី មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក ដែលបានផ្ដល់ការគាំទ្រ និងផ្ដល់កិច្ចសហការគាំទ្រល្អជាមួយសាលាដំបូងខេត្តរតនគិរី និងអយ្យការអមសាលាដំបូងខេត្ត ក្នុងការដោះស្រាយរកយុត្តិធម៌ ជូនប្រជាពលរដ្ឋនាពេលពេលកន្លងមក និងសូមឱ្យបន្តកិច្ចសហការល្អនេះជាមួយសាលាដំបូង ជាពិសេសជាមួយប្រធានសាលាដំបូងខេត្តរតនគិរី ដែលទើបនឹងចូលកាន់មុខតំណែងថ្មីនៅពេលនេះ ដោយអនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាពហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗថែមទៀតសម្រាប់ជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងបម្រើឱ្យវិស័យយុត្តិធម៌ទាំងមូល៕