(ភ្នំពេញ)៖ ជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធការធ្វើទារុណកម្មជនជាតិវៀតណាមដូចគ្នា និងរក្សាទុកសារធាតុញៀន។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅចំណុចផ្លូវកប់ស្រូវ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែធ្នូ ហើយត្រូវបានបញ្ជូនទៅតុលាការ នៅថ្ងៃទី០៦ ខែធ្នូនេះ។

បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ចាំង ង៉ុងថាំង ហៅថាំង អាយុ២៥ឆ្នាំ ខណៈជនរងគ្រោះ ឈ្មោះ វៀង វឹងលឹន អាយុ២៩ឆ្នាំ របួសជាំខ្នង។ ក្នុងនោះសមត្ថកិច្ច ដកហូតបាន ស្នាប់ដៃចំនួន១ និងក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន ចំនួន១កញ្ចប់ថង់របស់ជនសង្ស័យ។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២មុនពេលកេីតហេតុ ជនសង្ស័យឈ្មោះ ចាំង ង៉ុងថាំង អាយុ២៥ឆ្នាំ និងបក្ខពួកចំនួន៥នាក់ទៀត មិនស្គាល់ឈ្មោះបាននាំជនរងគ្រោះឈ្មោះ វៀង វឹងលឹង និងឈ្មោះ វៀង វ៉ាន់ជុង ជិះរថយន្តពីក្រុងកំពង់សោម មកដល់រាជធានីភ្នំពេញ បានស្នាក់នៅបន្ទប់ផ្ទះសំណាក់ ស្ថិតក្នុងខណ្ឌព្រែកព្នៅមួយយប់។

លុះព្រឹកឡើងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ មានជនសង្ស័យម្នាក់មិនស្គាល់ឈ្មោះ បានហុចស្នាប់ដៃពណ៌ខ្មៅមួយ និងថ្នាំញៀនមួយកញ្ចប់ថង់តូចឲ្យជនសង្ស័យ ឈ្មោះ ចាំង ង៉ុងថាំង ទុកក្នុងហោប៉ៅខោ បន្ទាប់មកជនសង្ស័យបានដេីរមកបន្ទប់ជនរងគ្រោះសម្រាក និងប្រាប់ជនរងគ្រោះថា នឹងយកពួកគេទៅធ្វេីការជាកម្មករឲ្យចិនឈ្មោះ វៀង វ៉ាន់ជុង ចំណែកជនរងគ្រោះមិនព្រមក៏ត្រូវជនសង្ស័យយកដំបងឈេី និងដំបងឆក់ កាន់ឆក់វាយត្រូវខ្នងជនរងគ្រោះបណ្តាលរបួសហេីមជាំ។

ក្រោយមកបាននាំជនរងគ្រោះចូលរថយន្តមិនស្គាល់ម៉ាក់ ពណ៌ប្រផេះ ចេញពីផ្ទះសំណាក់ ធ្វេីដំណេីរមកដល់ហាងបាយម្ដុំផ្លូវកប់ស្រូវ (សង្កាត់ឃ្មួញ) ពេលបាយរួចដេីរឡេីងរថយន្តវិញ មានឱកាសល្អជនរងគ្រោះ និងឈ្មោះ វៀង វ៉ាន់ជុង បានស្ទុះរត់គេចខ្លួន ភ្លាមនោះជនសង្ស័យ និងបក្ខពួករត់ដេញពីក្រោយបង្កឲ្យមានការផ្អេីលឆោឡោ។

ពេលនោះសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃ្មួញ ក៏ទទួលបានព័ត៌មាន ហើយចុះអន្ដរាគមន៍ភ្លាមៗ ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ចាំង ង៉ុងថាំង រកឃេីញវត្តុតាងស្នាប់ដៃពណ៌ខ្មៅមួយ និងក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនមួយកញ្ចប់តូច នៅក្នុងហោប៉ោខោជនសង្ស័យ ឈ្មោះ ចាំង ង៉ុងថាំង។ ក្រោយពីការសាកសួរជនសង្ស័យ ឈ្មោះ ចាំង ង៉ុងថាំង បានសារភាព ថាខ្លួន និងបក្ខពួកចំនួន៥នាក់ទៀត មិនស្គាល់ឈ្មោះពិតជាបានប្រេីដំបងឈេី និងដំបងឆក់កាន់ឆក់វាយលេីជនរងគ្រោះបណ្តោលឲ្យរបួសពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ខណៈជនរងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចជំនាញសួរនាំរកឯកសារពាក់ព័ន្ធ ប៉ុន្ដែមិនមានឯកសារអ្វីទាំងអស់ រួមទាំងលិខិតឆ្លងដែនដែរ ដូច្នេះត្រូវបញ្ជូនបន្ដទៅកាន់នាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីសុំគោលការណ៍ថ្នាក់ដឹកនាំ បណ្ដេញចេញពីកម្ពុជា៕