(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានសំណូមពរឱ្យបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ជួយជំរុញលើការរៀបចំកម្មវិធីសិក្សាវិស្វកម្ម និងការទទួលស្គាល់គុណភាពអប់រំវិស្វកម្មឱ្យមានស្តង់ដាប្រហាក់ប្រហែលគ្នាមួយ ដើម្បីឱ្យវិស្វករដែលបញ្ចប់ការសិក្សាពីមហាវិទ្យាល័យនៃប្រទេសក្នុងតំបន់មានការទទួលស្គាល់គ្នាទៅវិញទៅមក ស្របទៅនឹងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាកម្មវិស្វកម្មអាស៊ាន ដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

លោកថ្លែងបែបនេះក្នុងពិធីបើកសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ ក្រោមមូលបទ «ការផ្លាស់ប្ដូរតួនាទីវិស្វករក្នុងយុគសម័យឧស្សាហកម្ម៤.០» នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

លោក អ៉ិត សំហេង បានលើកឡើងថា សន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុច្ឆន្ទៈ និងការយល់ដឹងពីគ្នាទៅវិញទៅមក ដែលជាតម្រូវការចាំបាច់សម្រាប់ការបង្កើត និងការអភិវឌ្ឍស្តង់ដាមូលដ្ឋានវិជ្ជាជីវៈវិស្វកម្មអាស៊ាន ជាជំហានឆ្ពោះទៅកាន់ការធ្វើចល័តភាពវិស្វករក្នុងតំបន់អាស៊ាន ស្របតាមផែនការមេអាស៊ានឆ្នាំ២០២៥ និងស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ។

វិស្វករជាស្ពានតភ្ជាប់រវាងបច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ជាមួយការអភិវឌ្ឍជីវភាពសង្គម និងតម្លៃវប្បធម៌។ ធនធានបញ្ញវន្តក្នុងវិស័យវិស្វកម្មពិតជាមានសារៈសំខាន់មិនអាចខ្វះបាន នៅពេលដែលសន្ទុះនៃការអភិវឌ្ឍកាន់តែខ្លាំង ធ្វើឱ្យសេវាវិស្វកម្មគ្រប់មុខជំនាញ ក៏កាន់តែមានតម្រូវការខ្ពស់ផងដែរ។ ក្នុងន័យនេះ លោក អ៉ិត សំហេង បានសំណូមពរឱ្យបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ជួយជំរុញលើការរៀបចំកម្មវិធីសិក្សាវិស្វកម្ម និងការទទួលស្គាល់គុណភាពអប់រំវិស្វកម្មឱ្យមានស្តង់ដាប្រហាក់ប្រហែលគ្នាមួយ ដើម្បីឱ្យវិស្វករដែលបញ្ចប់ការសិក្សាពីមហាវិទ្យាល័យនៃប្រទេសក្នុងតំបន់ មានការទទួលស្គាល់គ្នាទៅវិញទៅមក ស្របទៅនឹងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាកម្មវិស្វកម្មអាស៊ាន ដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

លើសពីនេះទៅទៀត ដើម្បីពន្លឿនការផ្លាស់ប្តូរអាស៊ានទៅកាន់ឧស្សាហកម្ម៤.០ ដោយផ្តោតពិសេសលើការចាប់ផ្តើមអាជីវកម្មសហគ្រាសធុនតូច និងមធ្យម ទីក្រុងឆ្លាតវៃ និងការអប់រំវិជ្ជាជីវៈ លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់សមាជិកនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានទាំងអស់ ផ្តោតលើការសិក្សាពីលទ្ធភាពនៃការបង្កើតយន្តការថ្មីៗ និងបង្កើតជាវេទិកាបើកចំហដើម្បីគាំទ្រដល់រដ្ឋាភិបាលលើវិស័យអប់រំ និងឧស្សាហកម្ម រួមទាំងការលើកកម្ពស់ការតភ្ជាប់ខ្សែសង្វាក់ឌីជីថល។

ចែករំលែកព័ត៌មាន បទពិសោធន៍ និងការអនុវត្តល្អបំផុតលើការបង្កើត និងអនុវត្តគោលនយោបាយលើកកម្ពស់ឧស្សាហកម្ម៤.០។

រៀបចំជាយុទ្ធសាស្ត្របង្រួបបង្រួមអាស៊ាន ស្តីពីការវិវឌ្ឍឧស្សាហកម្ម៤.០ ដោយសង្កត់ធ្ងន់លើការលើកកម្ពស់នវានុវត្តន៍ និងឧស្សាហកម្មបច្ចេកវិទ្យា។

ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍក្របខ័ណ្ឌគតិយុត្តក្នុងការគាំទ្រការផ្លាស់ប្តូរឧស្សហកម្មអាស៊ាន ទៅឧស្សហកម្ម៤.០ តាមរយៈកិច្ចសន្ទនាសាធារណៈ និងឯកជន ជាមួយនិងការសហការជាមួយអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ក្នុងគោលដៅសម្របសម្រួលការអនុលោម និងការបញ្ជាក់ស្តង់ដាឌីជីថល សម្របសម្រួលរំហូរទិន្នន័យឆ្លងដែន និងអភិវឌ្ឍវេទិការួមមួយលើតំណភ្ជាប់ស្ថិតិឧស្សាហកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ចូលរួមដោះស្រាយបញ្ហាប្រឈម ដែលនឹងកើតមានឡើងពីការរីកចម្រើននូវឧស្សាហកម្ម៤.០ក្នុងអាស៊ាន និងស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបនូវបញ្ហាប្រឈមទាំងនោះ៕