(តាកែវ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងសប្បុរសជន​ និងពុទ្ឋបរិស័ទបានចូលរួម ចំណែកនិងទំនាក់ទំនងគ្នាយ៉ាងជិតស្និទ ក្នុងការកសាងសមិទ្ធិផលលើវិស័យពុទ្ធចក្រ និងអាណាចក្រទុកសម្រាប់កូនចៅជំនាន់ក្រោយ។

លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នៅក្នុងពិធីបុណ្យចម្រើនព្រះជន្ម ស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះញាណវង្ស ឃឹម សន ព្រះមេគុណ រាជធានីភ្នំពេញ និងសម្ពោធខ្លោងទ្វា កុដិ ស្រះទឹក នៅវត្តសំរោងរ័ត្ន ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ នៅព្រឹកថ្ងៃ ទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា លោកមានសេចក្តីសោមនស្ស​រីករាយ ដែលមាននិស្ស័យច្រើនជាងគេ ក្នុងព្រះពុទ្ធសាសនា​ និងបានមកជួបប្រជាពលរដ្ឋសាជាថ្មី​ និងចូលរួមអបអរសារទរជាមួយប្រជាពលរដ្ឋ ដែលបានទទួលសមិទ្ធិផលថ្មី នៅក្នុងទឹកដីខេត្តតាកែវ នាពេលនេះ​ ដែលជាគុណប្រយោជន៍ សម្រាប់បម្រើក្នុងវិស័យអណាចក្រ​ និងពុទ្ឋចក្រ​។

លោក ហ៊ុន ម៉ាណែត រំលឹកឲ្យដឹងថា កាលពីអតីតកាល នៅពេលដែលប្រទេសជាតិមានសង្គ្រាម ប្រជាពលរដ្ឋបានទទួលរងទុក្ខវេទនា និរាសព្រាត់ប្រាស់ហើយ ក្រោយពីប្រទេសរបស់យើងត្រូវបានរំដោះ ពីភ្លើងសង្រ្គាម តាំងពី​ឆ្នាំ១៩៧៩ វិស័យព្រះពុទ្ធសាសនា ត្រូវបាន រស់ឡើងវិញ​ ហើយនេះជាឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋ​ ធ្វើបុណ្យទាន​ដែលសាសនាមានសារសំខាន់ណាស់ និងមានឥទ្ធិពល ក្នុងការរស់នៅរបស់មនុស្ស ឱ្យប្រព្រឹត្តអំពើល្អ​ អប់រំចិត្ត​ស្គាល់នូវបុណ្យ​និងបាប។ លើសពីនេះសាសនា បានចូលរួមកសាងសុខដុម រមនីយកម្មសុខទាំងផ្លូវចិត្ត សុខផ្លូវកាយធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពស្ថេរភាព មកដល់ពេលបច្ចុប្បន្ននេះ៕