(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្រូវត្រួតពិនិត្យលើការងារបង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទឱ្យបានច្បាស់លាស់ ទប់ស្កាត់បង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន រីឯមន្ត្រីដែលបម្រើសេវាសាធារណៈត្រូវជំរុញការធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។

លោក ងួន រតនៈ បានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។

លោកបានជំរុញការធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងទប់ស្កាត់បង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន និងសូមយកចិត្តទុកដាក់បន្ថែមទៀតក្នុងកិច្ចការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ចំពោះបទបញ្ជាបទល្មើសនេសាទផ្សេងៗនៅតាមគោលដៅ មន្ត្រីជំនាញទាំងអស់ត្រូវតែចុះបង្ក្រាប និងមានវិធានការជាបន្ទាន់ដើម្បីការទប់ស្កាត់ ហើយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការបើកនេសាទឱ្យប្រជានេសាទនេសាទ ដោយប្រើឧបករណ៍ស្របច្បាប់ និងគោរពទៅតាមលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល។

លោកក៏បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឱ្យបានល្អប្រសើរក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិឃុំឱ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់ការប្រើប្រាស់ ការជួញដូរគ្រឿងញៀន ព្រមទាំងការចូលរួមអនុវត្ត គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយត្រូវយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងជំរុញខិតខំធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋដោយមិនមានការរើសអើង និងយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅ ប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាល៕