(ភ្នំពេញ)៖ អ្នកវិនិយោគរបស់អាមេរិកមួយក្រុម បានមើលឃើញថា កម្ពុជា ជាឃ្លាំងស្បៀងអាហារដ៏សំខាន់ក្នុងការរួមចំណែកធានាសន្តិសុខស្បៀងរបស់ពិភពលោក។ ក្រុមអ្នកវិនិយោគអាមេរិក បានគូសរំលេចទៀតថា វិបត្តិពិភពលោកធ្វើឱ្យអាមេរិកជួបអតិផរណាខ្ពស់ ហើយកម្ពុជា ជាមុខព្រួញមួយជួយដោះស្រាយបញ្ហានេះ។

អ្នកវិនិយោគរបស់អាមេរិក បានគូសបញ្ជាក់បែបនេះ នៅក្នុងជំនួបពិភាក្សាដ៏សំខាន់មួយជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ។

ជំនួបរវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូវិនិយោគិន និងពាណិជ្ជករសហរដ្ឋអាម៉េរិក ត្រូវបានរៀបចំឡើងក្រោមកិច្ចសម្របសម្រួលរបស់លោក ហួត គីមឆា អគ្គកុងស៊ុលកិត្តិយសនៃស្ថានទូតកម្ពុជា ប្រចាំទីក្រុងឡុងប៊ិច។ នេះជាជំនួបដ៏មានសារៈសំខាន់មួយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអាមេរិក ដែលជាទីផ្សារដ៏ធំមួយរបស់កម្ពុជា។

នៅក្នុងជំនួបនេះតំណាងប្រតិភូក្រុមហ៊ុនសហរដ្ឋអាម៉េរិក បានជម្រាបជូន លោករដ្ឋមន្ត្រីពាណិជ្ជកម្មថា វិបត្តិដែលកំពុងកើតមាននៅក្នុងតំបន់ និងពិភពលោក បានធ្វើឱ្យអាម៉េរិក ក្លាយជាប្រទេសមួយទទួលរងផលប៉ះពាល់ តាមរយៈការហក់ឡើងខ្លាំង នៃថ្លៃទំនិញនៅក្នុងទីផ្សារ ពិសេស គឺផលិតផលចំណីអាហារ និងកសិផល។

ប្រតិភូវិនិយោគិនរបស់អាមេរិក បានលើកឡើងថា កម្ពុជា គឺជាឃ្លាំងស្តុកផលិតផលកសិកម្មដ៏សំខាន់មួយ ដែលអាចចូលរួមចំណែកដ៏សំខាន់ក្នុងការធានាសន្តិសុខស្បៀងក្នុងតំបន់ និងពិភពលោក ពិសេសសហរដ្ឋអាម៉េរិកតែម្តង។ ទំនិញសំខាន់ៗដែលជាសក្តានុពលរបស់កម្ពុជា រួមមាន៖ គ្រាប់ស្វាយចន្ទី ស្វាយ ដូង ម្រេច អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ស៊ុត ត្រី ក្រូចពោធិ៍សាត់ អាហារសម្រន់ ស្រូវ-អង្ករ និងផលិតផលក្តារបន្ទះជាដើម។

ប្រតិភូវិនិយោគិនរបស់អាមេរិក បានលើកឡើងទៀតថា រដ្ឋដែលជាទីផ្សារសក្តានុពលសំខាន់ៗ នៅសហរដ្ឋអាម៉េរិក សម្រាប់ការនាំចេញផលិតផលកសិកម្មពីកម្ពុជា រួមមាន ក្រុង Lowell នៃរដ្ឋ Massachusetts, រដ្ឋ California, រដ្ឋ Seattle និងរដ្ឋ Texas ហើយជាពិសេសគឺរដ្ឋដែលមាន Cambodian Town និងមានប្រជាជនខ្មែររស់នៅច្រើន។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្តែងមតិស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈប្រតិភូក្រុមហ៊ុនសហរដ្ឋអាម៉េរិក ដែលបានបង្ហាញឆន្ទៈខ្ពស់ ក្នុងការវិនិយោគ និងនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងពិភពលោក។

លោករដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីបង្កភាពងាយស្រួលក្នុងការនាំចេញទៅកាន់ទីផ្សារបរទេស និងជៀសវាងការជួបប្រទះបញ្ហាភូតគាមអនាម័យ និងស្តង់ដារផលិតផល ក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិន និងពាណិជ្ជករសហរដ្ឋអាម៉េរិក ឲ្យវិនិយោគលើការកែច្នៃ-វេចខ្ចប់កសិផល ដោយផ្ទាល់នៅកម្ពុជាជាមុនសិន រួចទើបនាំចេញ ជាជាងការនាំចេញកសិផលស្រស់ ដោយមិនមានការកែច្នៃជាមុន។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានបន្ថែមទៀតថា កសិផលកម្ពុជាមួយចំនួនបានទទួលការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) រួចរាល់ ហើយមួយចំនួនទៀត កំពុងស្ថិតក្នុងដំណាក់កាលនៃការស្នើសុំ ដែលនេះស្ដែងឲ្យឃើញថា កសិផលកម្ពុជា គឺជាផលិតផលមានគុណភាពខ្ពស់ និងមានការទទួលស្គាល់ជាអន្តរជាតិ។

គួររលឹកផងដែរថា នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា នាពេលកន្លងមក លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden បានបញ្ជាក់ច្បាស់ៗអំពីជំហររបស់អាម៉េរិក ក្នុងការចាត់ថ្នាក់តំបន់អាស៊ាន ជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះគឺជាកាលានុវត្តភាពថ្មីដ៏សំខាន់មួយ ដែលវិនិយោគិននិងពាណិជ្ជករសហរដ្ឋអាម៉េរិក បានសម្លឹងឃើញកាន់តែច្បាស់ ថាកម្ពុជាក៏ជាដៃគូវិនិយោគ-ពាណិជ្ជកម្មដ៏សំខាន់មួយ ហើយនេះក៏ជាកាលានុវត្តភាពដ៏សំខាន់ សម្រាប់វិនិយោគិន និងពាណិជ្ជករកម្ពុជា ក្នុងការស្វែងរកដៃគូវិនិយោគ និងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកផងដែរ៕