(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានថ្លែងថាការប្រកបវិជ្ជាជីវៈជាឆ្មប គឺជាការផ្ដល់សេវាសុខាភិបាល មិនមែនជាមុខរបរជួញដូរនោះទេ គឺជាករណីកិច្ចដែលត្រូវគិតគូរអំពីអតិថិជនជាមុន និងមានភារៈកិច្ច ការពារ​ បង្ការកុំឱ្យឈឺ និងត្រូវផ្ដល់ការយល់ដឹង ព្រោះអតិថិជនមករកយើង មានទាំងអ្នកឈឺ និងអ្នកមានសុខភាពល្អធម្មតា។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងសិក្ខាសាលាផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការដាក់ឲ្យអនុវត្តដែនកំណត់វិជ្ជាជីវៈ និងនិយាមវិជ្ជាជីវៈសម្រាប់ឆ្មបនៅកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះនៅសណ្ឋាគារភ្នំពេញ។

លោកសាស្ដ្រាចារ្យ ធា គ្រុយ បានថ្លែងបន្ដថា អ្នកគ្រូពេទ្យឆ្មបទាំងអស់ដែលកំពុងប្រកបកិច្ចការឆ្មប គឺសំខាន់ណាស់ព្រោះត្រូវថែទាំស្ដ្រីទាំងឡាយ ទាំងអ្នកសុខភាពធម្មតា និងអ្នកឈឺ ដើម្បីធានាថាស្ដ្រីទាំងនោះរស់នៅរបៀបមិច ថែខ្លួនបែបមិចដើម្បីធានាពេលមានគភ៌ជិតសម្រាល ពេលសម្រាល ក្រោយសម្រាល ម្ដាយនិងកូនទទួលបានសុខភាពល្អ។

មន្ដ្រីជាន់ខ្ពស់សុខាភិបាលរូបនេះបានថ្លែងទៀតថា «នៅពេលសម្រាលកូនជាពាក្យសាមញ្ញ តែបង្គប់ន័យឆ្លងទន្លេ មិនមែនឆ្លងធម្មតាទេ ជួនកាលប៉ះខ្យល់-ប៉ះព្យុះមក ដូច្នេះឆ្មបត្រូវតែមាំទាំ ក្នុងការយល់ដឹងពីជំនាញឆ្មបឱ្យបានត្រឹមត្រូវច្បាស់លាស់ ប្រយ័ត្នប្រយែង ទាំងពេលមានបញ្ហា កាន់តែប្រយ័ត្នប្រយែង ហើយអត់បញ្ហាក៏ត្រូវប្រយ័ត្នប្រយែងកុំឱ្យមានបញ្ហា ពីព្រោះអាចនៅពេលឆ្លងទន្លេ ក្រែងមានបញ្ហា កុំធ្វើលើសពីជំនាញ ហើយបើសិនជាស្ថានភាពលើសពីការអនុវត្ដបាននៅទីតាំងរបស់យើង​ សូមមេត្ដាបញ្ជូនអ្នកជំងឺទៅទីតាំងមួយទៀត ដែលមានលទ្ធភាពថែទាំល្អជាងនឹង ហើយកុំធ្វើខ្លួនឯង ពីព្រោះប្រឈមណាស់ ដោយមិនមានការព្យាបាលណាដែលគ្មានការប្រឈមនោះទេ»

លោកសាស្ដ្រាចារ្យបានគូសបញ្ជាក់ថា «ឆ្មបមិនមែនជាការលក់ដូរ ឬជំនួញអីទេ ឆ្មបជាករណីកិច្ច គឺជាការងារដែលយើងត្រូវធ្វើ ហើយត្រូវគិតគូរមុនគេលើប្រយោជន៍របស់អ្នកជំងឺ ឬអ្នកមកប្រើសេវាយើង បន្ទាប់មកប្រយោជន៍ផ្ទាល់ខ្លួនយើង ខុសពីរកស៊ី ដែលចាប់ផ្ដើមជួញដូរ គិតពីប្រយោជន៍គាត់មុន ប៉ុន្ដែឆ្មបសូមមេត្ដាចាំថា យើងកំពុងតែធ្វើការទាក់ទងនឹងសុខភាពអាយុជីវិតរបស់អតិថិជនយើង ត្រូវគិតគូរគាត់មុនគេ ហើយផ្ដល់សេវាមួយមានគុណភាព និងប្រសិទ្ធភាព»

លោកសាស្ដ្រាចារ្យ ធា គ្រុយ បានបញ្ជាក់ឲ្យដឹងថា ឆ្មបដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់សេវា ការពារសុខភាព លើកកម្ពស់សុខភាព ការពារជំងឺ និងជួយផ្ដល់ប្រឹក្សាដល់អតិថិជន ស្ដ្រី គ្រួសារ និងសហគមន៍ ហើយឆ្មបក៏ជាកម្លាំងចលករដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកកាត់បន្ថយអត្រាមរណភាពមាតា និងទារក នៅកម្ពុជា។ ដូច្នេះឆ្មបទាំងអស់តម្រូវឱ្យមានអាជ្ញាបណ្ណ ដែលមានសុពលភាព ដើម្បីទទួលបានសិទ្ធិស្របច្បាប់ក្នុងការផ្ដល់សេវាថែទាំ និងព្យាបាលជូនសាធារណៈជន៕