(ភ្នំពេញ)៖ រថយន្តស៊េរីថ្មីទំនើបបំផុត ម៉ាក Isuzu D-Max Blue Power និង Isuzu Mu-X Blue Power ដែលបាននាំចូលនិងចែកចាយ ផ្ដាច់មុខ ដោយក្រុមហ៊ុន ទ្រី ផេក អ៉ីស៊ូហ្ស៊ុ សេល ខូអិលធីឌី (Tri Petch Isuzu Sale Co.,Ltd ) បានបង្ហាញខ្លួននៅក្នុងទីផ្សារប្រទេស កម្ពុជាហើយ បន្ទាប់ពីរថយន្តទាំងពីរម៉ូដែលនេះ កំពុងតែពេញនិយមខ្លាំង និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅតាមបណ្ដាប្រទេសនានា ជុំវិញពិភពលោក​។ ពិធីបើកសម្ពោធនាំចូលរថយន្តថ្មី ម៉ាក Isuzu D-Max Blue Power និង Isuzu Mu-X Blue Power ត្រូវបានធ្វើឡើងយ៉ាង អធិកអធ័ម នៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រា នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នេះ ដោយមានការចូលរួម​ពីសំណាក់ អ្នកជំនួញ ពាណិជ្ជករ និងដៃគូពាណិជ្ជកម្ម ជាច្រើននាក់ ។

ថ្លែងនៅក្នុងឱកាសនោះ លោក តូហ្ស៊ីអាគិ ម៉េកកាវ៉ា អគ្គនាយកក្រុមហ៊ុន ទ្រី ផេក អ៉ីស៊ូហ្ស៊ុ សេល ខូអិលធីឌី បានមានប្រសាសន៍ថា ដោយសារតែលោកបានមើលឃើញ ពីសក្ដានុពល នៃភាពរីកចម្រើនឥតឈប់ឈរ នៃសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ទើបលោកបាន សម្រេចចិត្ត ដាក់ទុនវិនិយោគ ដោយបាននាំចូលរថយន្តទំនើប​ ទាំងពីរម៉ូដែលនេះ គឺម៉ាក​Isuzu D-Max Blue Power និង Isuzu Mu-X Blue Power ចូលមកកាន់ទីផ្សារក្នុងប្រទេសកម្ពុជា ។ លោកមើលឃើញ​ថា ប្រទេសកម្ពុជាមានកំណើន សេដ្ឋកិច្ចខ្ពស់គួរឲ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយការពេញនិយមពីសំណាក់បងប្អូន ក្នុងប្រទេសនេះ ក៏ឃើញថា មានសន្ទុះកើនឡើងជាលំដាប់ ដែលធ្វើឲ្យក្រុម​ហ៊ុនរំពឹងថា Isuzu D-Max Blue Power និង Isuzu Mu-X Blue Power អាចប្រកួតប្រជែងក្នុងទីផ្សាររថយន្ត ប្រកបដោយទំនុកចិត្តខ្ពស់។  

អគ្គនាយកដែលជាជនជាតិជប៉ុនរូបនេះ បានបន្តថា ក្រុម​ហ៊ុន ទ្រី ផេក អ៉ីស៊ូហ្ស៊ុ សេល ខូអិលធីឌី (Tri Petch Isuzu Sale Co.,Ltd ) ឬហៅកាត់ថា TIS ដែលជាក្រុមហ៊ុនចែក​ចាយ​ រថយន្ត Isuzu តែមួយគត់នៅក្នុងប្រទេសថៃ កំពុងតែមានកេរ្តិ៍ឈ្មោះ ប្រកបដោយទំនុកចិត្ត ក្នុងការនាំមុខគេ នៅលើទីផ្សាររថយន្តភីកអាប់ ប្រើដោយប្រេងម៉ាស៊ូត ព្រមជាមួយនឹងបទពិសោធន៍​ ប្រមាណ៦០ ឆ្នាំកន្លងមកហើយ នៅក្នុងទីផ្សារប្រទេសថៃ។ TIS បានត្រៀម​ខ្លួនរួច​ជាស្រេច ដើម្បីឈរជើង​ដ៏រឹងមាំ នៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ដោយនាំមកនូវ រថយន្ត​ ដែលមានគុណភាពខ្ពស់ ចំនួនពីរម៉ូ​ដែល គឺម៉ាក Isuzu D-Max Blue Power និង Isuzu Mu-X Blue Power ។ TIS ក៏បានត្រៀមខ្លួន រួចជាស្រេច ក្នុងការធ្វើប្រតិបត្តិការលក់ ព្រមទាំងផ្ដល់សេវាកម្ម ក្រោយពេលលក់​ដ៏ល្អបំផុត ដើម្បីបង្កើនទំនុកចិត្ត​ ពីអតិថិជនរបស់ខ្លួននៅក្នុង ទីផ្សារប្រទេសទាំងពីរ ឲ្យកាន់តែមានការជឿទុកចិត្ត។

លោក តូហ្ស៊ីអាគិ ម៉េកកាវ៉ា បានបន្តថា សមិទ្ធិផលដ៏ល្អប្រសើរ ក្នុងរយៈពេល៦០ឆ្នាំ កន្លងមកបានធ្វើឲ្យ TIS ទទួលបាននូវទំនុកចិត្តពី Isuzu Motor (ប្រទេសជប៉ុន) ដែលផ្តល់សិទ្ធិឲ្យ TIS នាំចេញរថយន្ត «Isuzu D-Max» និង «Isuzu MU-X» មកក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ។ ប្រទេសទាំងពីរនេះ កំពុងតែមានសក្តានុពលទីផ្សារ ដ៏អស្ចារ្យ ដោយសារមានកំណើន GDP ៧% នៅកម្ពុជា និង ៦% នៅឡាវ។ កំណើន GDP នេះគឺជាជំហានសំខាន់ដំបូង​បង្អស់ សម្រាប់ TIS និង «Isuzu» ក្នុងការឈានជើងចូលក្នុង ទីផ្សារអាស៊ាន។

លោកបន្ថែមថា គោលការណ៍របស់ TIS គឺត្រូវផលិតរថយន្ត ដ៏ល្អឥតខ្ចោះ «Premier» របស់ម៉ាក Isuzu នៅក្នុងប្រទេសកម្ពុជា ដោយប្តេជ្ញា បន្ត​អនុវត្តតាម ទស្សនៈនៃប្រតិបត្តិការ ពាណិជ្ជកម្មដែលបានប្រើប្រាស់ ក្នុងអាជីវកម្មអស់រយៈ​ពេល៦០ឆ្នាំកន្លងមកហើយ នៅក្នុងប្រទេស ថៃ។ ទស្សនៈនេះ ត្រូវបានគេហៅថា «Isuzu spririt» ពោលគឺ «ផ្តល់សុភមង្គល និងវិបុលភាពដល់អ្នកប្រើប្រាស់ ព្រមទាំងរួមចំណែក​ដល់ សង្គមជាតិ» ដើម្បីលើកកម្ពស់ស្តង់ដា រប​ស់ក្រុមហ៊ុន តំណាងលក់​រថយន្ត Isuzu ទាំងលើការលក់ និងការផ្តល់សេវា​ក្រោយពេលលក់ ព្រមទាំងជួយបង្កើនចំណេះដឹង និងសមត្ថភាពរបស់បុគ្គលិក។ ខណៈ​ដែលអតិថិជនប្រើប្រាស់​រថយន្ត ដែលមានតម្លៃស័ក្តិសម បំផុតទៅនឹង តម្លៃនៃសាច់ប្រាក់ ដែលអតិថិនជនបានចំណាយ ពោលគឺមានគុណភាពខ្ពស់បំផុត មានភាពធន់បំផុត អាចសន្សំសំចៃប្រេងបានច្រើន មានតម្លៃលក់បន្តល្អបំផុត មានសេវាកម្មក្រោយការលក់ ជាមួយនឹងគ្រឿងបន្លាស់គ្រប់គ្រាន់​ ដែលធ្វើឲ្យអតិថិជន កាន់តែមានទំនុកចិត្ត និងពេញចិត្តគ្រប់ទិដ្ឋភាព ផងដែរ។

លោក តូហ្ស៊ីអាគិ ម៉េកកាវ៉ា បានសង្កត់ធ្ងន់ថា ក្រៅពីការកសាងកេរ្តិ៍ឈ្មោះ «Isuzu» ឲ្យមានភាពរឹងមាំ សព្វថ្ងៃ TIS បានត្រៀមរួចជាស្រេច ក្នុងការនាំមកនូវ ផលិតផលដែលមានគុណភាពអស្ចារ្យ គឺរថយន្តភិកអាប់ ដ៏ល្អឥតខ្ចោះ «New! Isuzu D-Max Blue Power» និងរថយន្ត SUV ដ៏ល្អឥតខ្ចោះ «New! Isuzu MU-X Blue Power»។ រថយន្តទាំងពីរប្រភេទនេះ មានភាពច្នៃប្រឌិតខ្ពស់ ជាមួយនឹងតម្លៃសមរម្យបំផុត បើធៀបទៅនឹងតម្លៃនៃសាច់ប្រាក់ ដែលអតិថិជនបានចំណាយ ពោលគឺ ផ្តល់អត្ថប្រយោជន៍ខ្ពស់បំផុត ពីម៉ាស៊ីនម៉ាស៊ូត «New Blue Power» ដែលត្រូវបានគេទទួលស្គាល់ថា វាផ្តល់នូវថាមពលខ្លាំង និងការសន្សំសំចៃប្រេងច្រើន ដែលឆ្លើយតមទៅនឹង តម្រូវការអ្នកប្រើប្រាស់។ ការនាំមកជាមួយនូវបច្ចេកវិទ្យា Isuzu Insiht គឺជាបច្ចេកវិទ្យានៃ​អនាគតកាល ដែលត្រូវបានបំពាក់ផ្តាច់មុខ ជាមួយរថយន្ត ISUZU បច្ចេកវិទ្យានេះ នឹងកត់ត្រាឥរិយាបទ របស់អ្នកបើកបរ និងសង្ខេបទិន្នន័យ ទៅជារបាយការណ៍ Webgraph  ដែលងាយស្រួលយល់ អាចឲ្យអ្នកបើកបរអាចស្វែងយល់ និងកែលំអឥរិយាបទ បើកបររបស់ខ្លួន ដើម្បីការសន្សំសំចៃប្រេងច្រើន និងសុវត្ថិភាព ក្នុងពេលបើកបរ។

ដោយឡែកលោក អាគីវ៉ា អូដាហ្គាគិ នាយកគ្រប់គ្រងក្រុមហ៊ុន ទ្រី ផេក អ៉ីស៊ូហ្ស៊ុ សេល ខូអិលធីឌី បានថ្លែងប្រាប់ពីលក្ខណៈពិសេសៗ របស់រថយន្តទាំងពីរម៉ូដែលនេះថា រថយន្ត Isuzu D-Max Blue Power គឺជារថយន្តភីកអាប់ ទំនើបបំផុត ដែលបានលក់ចេញអស់ប្រមាណ ៣លានគ្រឿងនៅទូទាំងពិភពលោក ស៊េរីនេះ គឺជាម៉ូដែលតែមួយគត់ ក្នុងឧស្សាហកម្មរថយន្តភីកអាប់ ដែលម៉ូដែលនីមួយនៃ Isuzu ផ្ដល់នូវលក្ខណៈវិសេសខុសគ្នា ។ Isuzu D-Max Blue Power គឺជារថយន្តដ៏មាន​​តម្លៃបំផុត ដោយសារ​តែភាព​ទាន់សម័យលើការរចនា ខាងក្រៅ បែបស្ព័រ និងស្រស់សង្ហា ហើយការរចនាផ្នែកខាងក្នុង ផ្ដល់នូវភាពងាយស្រួលបំផុត ជាមួយនឹងឧបករណ៍ជំនួយ ដ៏សម្បូរបែប។

លោកបន្តថា ដោយឡែករថយន្ត Isuzu MU-X Blue គឺជារថយន្តប្រើប្រាស់លក្ខណៈស្ព័រល្អបំផុត ដែលឆ្លុះបញ្ចាំងពីភាពប្រណិតនិងភាព ឥខ្ចោះគ្រប់ទិដ្ឋភាព ។ ការរចនាខាងក្រៅ ដ៏ទាន់សម័យរមលេចនូវលក្ខណៈស្ព័រ និងផ្ដល់នូវអារម្មណ៍យ៉ាងរំភើប ដល់ម្ចាស់រថយន្តដែលឆ្លុះ បញ្ចាំងពីភាពវិសេសលេចធ្លោបំផុត របស់រថយន្តនេះ ផ្នែកខាងក្នុងដែលមានទំហំធំទូលាយ ផ្ដល់នូវផាសុខភាព ជាមួយនឹងការបំពាក់ នូវសម្ភារៈប្រណិត និងមុខងារសំខាន់ៗជាច្រើនយ៉ាង ៕