(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ ជាទូទៅ ដំណើរការថ្ងៃទី១នៃដំណើរការប្រឡងបាក់ឌុបនៅទូទាំងប្រទេស បានប្រព្រឹត្តិទៅដោយរលូន ប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ និងមានការគោរពបទបញ្ញត្តិដោយបេក្ខជននិងគ្រប់ភាគីពាក់ព័ន្ធ តាមការគ្រោងទុក។

លោកបញ្ជាក់ថា ក្រោមកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នចំនួន៦ រួមមានក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, និងអគ្គីសនីកម្ពុជា ធ្វើឲ្យដំណើរការថ្ងៃទី១នេះ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង គួរឱ្យកត់សម្គាល់ឡើយ។

លោកបន្តថា គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស មានការចិត្តយកទុកដាក់បំពេញភារកិច្ច ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដោយមានការចូលរួម សហការពីគ្រប់ពាក់ព័ន្ធ។

បេក្ខជនប្រឡង នៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាពកម្រិតស្រាល នៅក្នុងអំឡុងពេលប្រឡង ក្នុងដំណើរសំណេរនាថ្ងៃនេះ។ បញ្ហាសុខភាពរបស់បេក្ខជន រួមមានអាការៈវិលមុខ ខ្យល់គរ ក្អួត និងបានទទួលការជួយសង្គ្រោះបឋម ពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការ នៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួមបន្តការប្រឡងបាន។

លោកបញ្ជាក់ថា បេក្ខជនប្រឡងមួយចំនួន តូចអវត្តមាននាថ្ងៃនេះ។

ជាមួយគ្នានេះ លោកសូមគោរពផ្ញើសារជូនបេក្ខជនប្រឡងបាក់ឌុប, មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធដូចខាងក្រោម៖

១៖ សូមបេក្ខជនប្រឡងបាក់ឌុប
* បន្តអនុវត្តតាមផែនការបុគ្គល ព្រមទាំងស្តាប់ដំបូន្មានរបស់មាតាបិតា
* បន្តគោរពបទបញ្ញត្តិប្រលងមានជាធរមាន, អនុវត្តន៍វិធានសុខាភិបាល, និងគោរពច្បាប់ចរាចរណ៍
* បន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន
* បន្តញុំាឲ្យគ្រប់ គេងឲ្យគ្រាន់ និងទឹកឲ្យក្រែល
* តាំងស្មារតីឱ្យស្ងប់តាមរយៈវិធីផ្សេងៗ រួមមានការតាំងសមាធិ។

២៖ សូមមាតាបិតាមេត្តា
* បន្តជួយដំណើរការការប្រឡងរបស់កូនៗ ដែលទាមទារឲ្យបន្តមានការជួយជ្រោមជ្រែងពីមាតាបិតា
* បន្តលើកទឹកចិត្តបេក្ខជនប្រឡងបាក់ឌុបឲ្យអនុវត្តន៍ផែនការបុគ្គលរបស់បេក្ខជនប្រលង

ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណ ជូនចំពោះបុគ្គលិកអប់រំ គណៈគ្រប់គ្រងមណ្ឌលប្រលង លោកគ្រូ អ្នកគ្រូ មាតាបិតា បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធដែលបានបន្តចូលរួម លើកកម្ពស់គុណភាពប្រលងបាក់ឌុប និងបានចូលរួមគាំទ្រដំណើរការប្រឡងបាក់ឌុប គ្រប់ដំណាក់កាល មុននិងក្នុងបរិបទកូវីដ-១៩៕