(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការទទួលបានជ័យលាភីនៃពានរង្វាន់ការសម្របខ្លួន ប្រើប្រាស់បច្ចេកវិទ្យា បើកចំហកូដប្រចាំឆ្នាំ (Open Source Adaptation of the Year) ២០២២ របស់ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX)។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា ឬហៅកាត់ថា CamDX បានទទួលជ័យលាភីនៃពានរង្វាន់ការសម្របខ្លួន ប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដប្រចាំឆ្នាំ (Open Source Adaptation of the Year) ២០២២ ពី Future of Government Awards (ពានរង្វាន់អនាគតនៃរដ្ឋាភិបាល) ដែលជាកិច្ចសហការគាំទ្ររវាងវិទ្យាស្ថាន AWS (Amazon Web Services), អង្គការ UNDP (United Nation Development Program) និងបណ្តាញសាកលសម្រាប់រដ្ឋាភិបាល Apolitical ។ នេះគឺជាពានរង្វាន់អន្តរជាតិទី១ ដែលកម្ពុជាទទួលបានសម្រាប់ថ្នាល CamDX បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ថ្នាលនេះ ឱ្យដំណើរការបានរយៈពេលជាង ២ឆ្នាំកន្លងមក។

ពានរង្វាន់អនាគតនៃរដ្ឋាភិបាល គឺជាកម្មវិធីលើកទឹកចិត្តដល់ការធ្វើបរិវត្តកម្មឌីជីថលរបស់ រដ្ឋាភិបាលដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។ ពានរង្វាន់នេះ មានគោលបំណងសំដៅដល់ការលើកកម្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដ ក្នុងប្រព័ន្ធបច្ចេកវិទ្យារបស់រដ្ឋាភិបាល ដែលជះផលជាវិជ្ជមានដល់សង្គមជាតិតាមរយៈការផ្តល់សេវាសាធារណៈរបស់រដ្ឋាភិបាល ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ សូមចូលទៅកាន់គេហទំព័រ https://futureofgovernment.com/ សម្រាប់ព័ត៌មានបន្ថែមលើពានរង្វាន់អនាគតនៃរដ្ឋាភិបាល ។

ក្នុងការទទួលបានជ័យលាភីខាងលើ, ថ្នាល CamDX របស់កម្ពុជាស្ថិតក្នុងចំណោមគម្រោង ១០ មកពីប្រទេសចំនួន ៨ ដែលបានសម្រាំងរួច (Shortlisted) រួមមាន កាណាដា, ចក្រភពអង់គ្លេស, អាហ្វ្រិកខាងត្បូង, ប៉ាគីស្ថាន, ហ្គីនេបីសោវ (Guinea-Bissau), អាហ្សង់ទីន, ហ្វីលីពីន និង សាធារណរដ្ឋបេនីន (Benin) ។ ការវាយតម្លៃត្រូវឆ្លងកាត់ការដាក់ពិន្ទុរបស់គណៈកម្មការចំនួន ១៧ រូប មកពីប្រទេសផ្សេងៗគ្នា និងមានបទពិសោធន៍ក្នុងការងាររដ្ឋាភិបាល និងបច្ចេកវិទ្យាជាច្រើនឆ្នាំ។ ការទទួលបានជ័យលាភី តាមរយៈការឆ្លងកាត់ការវាយតម្លៃដ៏ម៉ត់ចត់នេះ ជាមោទនភាពដ៏ធំធេងរបស់កម្ពុជា ជាពិសេសក្នុងដំណើររបស់កម្ពុជា ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលជារបៀបវារៈនៃការអភិវឌ្ឍរបស់ជាតិ តាមរយៈការដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ត្រូវបានអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ដោយ មជ្ឈមណ្ឌល បណ្ដុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រព័ន្ធអេកូឡូស៊ីរស់រវើកមួយ ដែលផ្គុំឡើងដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័នចូលរួម និងមានអន្តរប្រតិបត្តិការផ្លាស់ប្តូរទិន្នន័យរវាងគ្នានិងគ្នា ដោយក្រសួង-ស្ថាប័ននីមួយៗមានភាពជាម្ចាស់ពេញបរិបូណ៌លើប្រព័ន្ធដែលថ្ពក់ចូល និងទិន្នន័យដែលផ្លាស់ប្តូរតាមថ្នាល CamDX នេះ ។ គោលបំណងនៃការអភិវឌ្ឍថ្នាល CamDX ដែលយកគំរូតាម X-Road របស់ប្រទេសអេស្តូនី ហើយដែលត្រូវបានគេចាត់ទុកថាជាគំរូនិម្មាបនកម្ម (Architecture) ដ៏សមស្របបំផុតក្នុងការធ្វើបរិវត្តកម្មឌីជីថលរបស់រដ្ឋ គឺនឹងធ្វើឱ្យកាន់តែប្រសើរ និងមានទំនុកចិត្តកាន់តែខ្ពស់ ពីវិស័យសាធារណៈ និងវិស័យឯកជនលើការថ្ពក់ចូលមកកាន់ថ្នាល CamDX នេះ សំដៅដល់ការផ្ដល់សេវាពាក់ព័ន្ធនានាជូនសាធារណជន ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ។

បច្ចុប្បន្ន, ថ្នាល CamDX មានប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Online Business Registration- OBR) ជាសេវាសាធារណៈចំបង និងប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System- GTAS) ដែលផ្លាស់ប្ដូរទិន្នន័យតាមរយៈថ្នាលនេះ ។ កន្លងទៅ,ថ្នាលនេះក៏បានរួមចំណែកជាឆ្អឹងខ្នង នៃការផ្លាស់ប្ដូរទិន្នន័យរវាងក្រសួង-ស្ថាប័នសម្រាប់ការសម្រេចចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការចេញលិខិតបញ្ជាក់លើការធានា និងលិខិតបញ្ជាក់លើការអញ្ជើញសម្រាប់ធុរជន ដែលមានបំណងធ្វើដំណើរមកកម្ពុជា ក្នុងអំឡុងពេលនៃការរីករាលដាលខ្លាំងរបស់ជំងឺកូវីដ-១៩ ផងដែរ។ ប៉ុន្តែប្រព័ន្ធនេះក៏ត្រូវបានផ្អាកដំណើរការទៅវិញ ដោយសារភាពប្រសើរឡើងនៃស្ថានភាពជំងឺកូវីដ-១៩។

គិតចាប់ពីពេលដាក់ដំណើរការ មកទល់ពេលនេះ, ចំនួនប្រតិបត្តិការសរុបនៅលើថ្នាល CamDX មានប្រមាណ ១៣ លាន ប្រតិបត្តិការ ដោយនៅក្នុងឆ្នាំដំបូងមានត្រឹមតែ ៤.៧៦លាន ប្រតិបត្តិការតែប៉ុណ្ណោះ ។ ស្ថិតិប្រតិបត្តិការ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការចូលរួមផ្លាស់ប្តូរទិន្នន័យ ពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត នៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដែលថ្មីៗនេះ ក៏មានពីវិស័យឯកជនជាដៃគូចូលរួមជាហូរហែរផងដែរ ។