(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំក្រុមការងារទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំ ជាមួយក្រុមយុវជនគ្រឹះស្ថានឧត្តមសិក្សាផ្នែកវេជ្ជសាស្រ្ត នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ក្នុងឱកាសដែលពួកគេត្រៀមនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចសិក្សា នៅប្រទេសម៉ាឡេស៊ី រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

កម្មវិធីនេះរៀបចំដោយស្ថាប័ន ALUMNI MEDIC 83 UKM ក្នុងគោលបំណងដកស្រង់ និងចែករំលែកបទពិសោធន៍ថ្មីៗ ផ្នែកវេជ្ជសាស្ត្រ ក៏ដូចជាបង្កើនទំនាក់ទំនង នៃយុវជនម៉ាឡេស៊ី-កម្ពុជា ដែលដំណើរទស្សនកិច្ចសិក្សានេះ មានកម្មវិធីដូចជា បេសកកម្មសុខាភិបាល ចូលរួមការងារមនុស្សធម៌ ទស្សនកិច្ចតាមសកលវិទ្យាល័យ និងមន្ទីពេទ្យល្បីៗ នៅម៉ាឡេស៊ី។

ក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការកណ្តាល នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមអបអសាទរដល់យុវជនទាំង៤រូប ដែលមានឱកាសបំពេញទស្សនកិច្ចសិក្សានេះ ដែលជាឱកាសទទួលបាននូវចំណេះដឹង បទពិសោធន៍ថ្មីៗ ដើម្បីអនុវត្ត និងចែករំលែកបទពិសោធន៍ទាំងនោះដល់ប្អូនៗ ជំនាន់ក្រោយបន្តទៀត។

លោក ណាសៀត អូស្មាន បានផ្តល់អនុសាសន៍លើកទឹកចិត្តដល់យុវជនទាំង៤រូបថា ក្នុងនាមជាយុវជនកម្ពុជា ត្រូវធ្វើគំរូល្អ ខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ រក្សាតម្លៃខ្លួនឯង និងចូលរួមផ្សព្វផ្សាយពីវប្បធម៌របស់កម្ពុជាដ៏ផូរផង់ដល់ប្រជាជនម៉ាឡេស៊ី ឲ្យបានទូលំទូលាយ និងបង្កើនទំនាក់ទំនងឲ្យបានល្អ។ ជាពិសេស យើងក៏ត្រូវចូលរួមផ្សព្វផ្សាយពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនេះផងដែរ។

លោកប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ដើម្បីជួយសម្រួលដល់ប្អូនទាំង៤រូប និងជូនពរដល់ប្អូនៗ ឲ្យមានសុខសុវត្ថិភាព និងទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចសិក្សានេះទាំងអស់គ្នា។

សូមជម្រាបថា តាំងពីឆ្នាំ២០១៧មក គណៈកម្មការសុខាភិបាល នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានបញ្ជូននិស្សិតមុស្លិម ដែលជានិស្សិតផ្នែកវេជ្ជសាស្ត្រសុខាភិបាល ទៅបំពេញទស្សនកិច្ចសិក្សា នៅប្រទេសតំបន់អាស៊ានមួយចំនួន រួចមកហើយ ដូចជាប្រទេសម៉ាឡេស៊ី សិង្ហបុរី និងប្រទេសថៃជាដើម។ តែឆ្នាំ២០២០ និង២០២១ ត្រូវបានអាក់ខានដោយសារបញ្ហា នៃការរីករាលដាលជំងឺកូវីដ១៩។ និស្សិតចំនួន៤រូប ត្រូវបានបញ្ជូនទៅទស្សនកិច្ចជារៀងរាល់ឆ្នាំ ក្រោមការរៀបចំរបស់សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា សហការជាមួយសម្ព័ន្ធយុវជនមុស្លិមកម្ពុជា រាជធានីភ្នំពេញ៕