(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ បានចូលរួមជាមួយប្រតិភូក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបើកវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង២០២១-២០២២ នៅមណ្ឌលវិទ្យាល័យពោធិ៍សាត់។

លោក ខូយ រីដា បានគូសបញ្ជាក់ថា «ឆ្នាំនេះ ការប្រឡង មានសភាពហ្មត់ចត់ និងមានដំណើរការប្រកបដោយប្រសិទ្ធភាព ដោយរំពឹងថាទទួលបានគុណភាពល្អប្រសើរ ព្រោះដោយសារមានការចូលរួម ពីគ្រប់អង្គភាព មានសមត្ថកិច្ចពាក់ព័ន្ធ រួមនឹងសមាគម និងអង្គការសង្គមស៊ីវិល ជាអ្នកសង្កេតការណ៍»

ក្នុងនាមអភិបាលខេត្ត លោក ខូយ រីដា បានជូនពរបេក្ខជនទាំងអស់ ដែលប្រឡងមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ ឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។

សូមរំលឹកថា ការប្រឡងបាក់ឌុប ឆ្នាំ២០២២នេះ ចាប់ផ្ដើមដំណើរការសម័យប្រឡង រយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានបេក្ខជនប្រឡង ចំនួន១២៨,១៣៤នាក់ ក្នុងនោះស្រី ចំនួន៦៨,៧៧១នាក់ ព្រមទាំងមានមណ្ឌលប្រឡង ចំនួន២២១មណ្ឌល ស្មើនឹង ចំនួន៥,១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរប្រឡង ចំនួន២៧,៧៥៣នាក់។ ដោយឡែក សម្រាប់ខេត្តពោធិ៍សាត់ មានបេក្ខជនមកពីបណ្តាលក្រុង-ស្រុកទាំង៧ ចូលរួមប្រឡង សរុបមានចំនួន៣,៤៣៥នាក់ ក្នុងនោះស្រីមានចំនួន១,៨៤២នាក់ ដោយបែងចែកជា១៣៨បន្ទប់ ស្មើនឹង៥មណ្ឌលប្រឡង។

ជាមួយគ្នានេះដែរ ក្រសួងអប់រំ ក៏បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡង ឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ ចូលក្នុងមណ្ឌល ប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល នាថ្ងៃទី២៧ ខែធ្នូខាងមុខ។ ដោយឡែកបណ្ដាខេត្តផ្សេងៗទៀត នឹងប្រកាស នាថ្ងៃទី២៨ ខែធ្នូ ព្រមទាំងមានការផ្សព្វផ្សាយ នៅលើគេហទំព័រហ្វេសប៊ុក របស់ក្រសួងអប់រំផងដែរ៕