(ភ្នំពេញ)៖ លោក អិុត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ បានទទួលជួបពិភាក្សាការងារជាមួយលោក Hideki Miyauchi អនុរដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ដោយបានស្នើឱ្យភាគីជប៉ុន ជួយទទួលសិក្ខាកាមកម្ពុជា ចំនួន១ពាន់នាក់ថែមទៀត យកទៅបណ្ដុះបណ្ដាលផ្នែកបច្ចេកវិជ្ជាយានយន្ត ដើម្បីអភិវឌ្ឍធនធានមនុស្សកម្ពុជា ឱ្យកាន់តែរីកចម្រើន សម្បូរបែប និងសំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យតែល្អប្រសើរ។

លោករដ្ឋមន្រ្តី បានលើកឡើងថា ដោយសារកម្ពុជាត្រូវការកម្លាំងធ្វើការងារ ចំនួន៣០ម៉ឺននាក់ក្នុងមួយឆ្នាំ តែតាមរយៈអង្គការ JICA កាបណ្ដុះបណ្ដាលបានតែ៥ម៉ឺននាក់ និងអ្នកនៅសល់២៥ម៉ឺននាក់ទៀត មិនបានទទួលការបណ្ដុះបណ្ដាលឡើយ ហើយចំនួនថវិកាជាតិ សម្រាប់ផ្គត់ផ្គង់ក្នុងការបណ្ដុះបណ្ដាលនេះ រដ្ឋាភិបាលក៏ខិតខំខ្លាំងណាស់ដែរ តែមិនអាចបានទាំងអស់ ដូច្នេះហើយ ទើបស្នើសុំរដ្ឋាភិបាលជប៉ុន ដើម្បីផ្ដល់ជាជំនួយដល់កម្ពុជា តាមរយៈអង្គការ JICA សម្រាប់ការបណ្ដុះបណ្ដាលនេះ ឱ្យបាន១ពាន់នាក់ក្នុងមួយឆ្នាំ ឬបើបាន៥ពាន់នាក់ ក៏រឹតតែល្អប្រសើរផងដែរ។

ឆ្លើយតបនឹងសំណើរខាងលើនេះ លោក Hideki Miyauchi បានឱ្យដឹងថា ភាគីជប៉ុនក៏មានបំណងជួយគាំទ្រដល់កម្ពុជាផងដែរ ក្នុងការជួយបណ្ដុះបណ្ដាលបច្ចេកវិជ្ជានេះ ព្រោះនៅប្រទេសជប៉ុន មានប្រព័ន្ធសិក្សាមួយ ដែលមានការអនុវត្តជាក់ស្ដែងសម្រាប់ជនបរទេស ដែលមានរយៈពេល៣-៥ឆ្នាំ និងតម្រូវឱ្យពួកគេទៅប្រទេសជប៉ុន ដើម្បីទទួលបានការសិក្សាជំនាញផ្ទាល់ ហើយក៏ជំរុញឱ្យកម្ពុជា បញ្ជូនសិក្ខាកាមទៅសិក្សានៅទីនោះ ចំណែកចំនួនជាក់លាក់ណាមួយនោះ នឹងត្រូវពិភាក្សាគ្នានៅពេលក្រោយ ព្រោះប្រព័ន្ធសិក្សានេះ មិនមែនជារបស់រដ្ឋទេ តែវាស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជនជាច្រើន ហើយកន្លងមកក៏មាន ក្រុមហ៊ុនបណ្ដុះបណ្ដាលមួយចំនួន មានការចាប់អារម្មណ៍ ចំពោះការបណ្ដុះបណ្ដាលសិក្ខាកាមកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏សម្ដែងនូវការសប្បាយរីករាយ ដែលរដ្ឋាភិបាលជប៉ុន បានយកចិត្តទុកដាក់ជួយដល់កម្ពុជា លើសពីនេះ លោករដ្ឋមន្រ្តីក៏បានស្នើឱ្យជប៉ុនជួយបង្កើនការវិនិយោគនៅកម្ពុជា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំពីរ ឱ្យកាន់តែជិតស្និទ និងរឹងមាំ ព្រោះអ្នកវិនិយោគជប៉ុន មានការគិតគូពីការគោរពច្បាប់ការងារ និងផ្ដល់លក្ខខណ្ឌការងារសមរម្យដល់កម្មករបានល្អ ហើយកន្លងមក ជប៉ុនក៏បានទទួលសិក្ខាកាមកម្ពុជាប្រហែល៣ពាន់នាក់ ឱ្យទៅធ្វើកម្មសិក្សា និងធ្វើការនៅទីនោះ ដែលជាឱកាសដ៏ល្អ ក្នុងការអភិវឌ្ឍធនធាននមនុស្សផង និងផ្ដល់នូវប្រាក់ចំណូលដល់ពួកគេផង៕