(ភ្នំពេញ)៖ ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថា បាក់ឌុប គឺជាពេលវេលាល្បងចំណេះដឹងបញ្ចប់ការសិក្សាចំណេះដឹងទូទៅរយៈពេល១២ឆ្នាំ ដែលជាគ្រឹះដ៏សំខាន់សម្រាប់អ្នកសិក្សា មុនបោះជំហានឆ្ពោះទៅការចាប់ជំនាញថ្នាក់ឧត្តមសិក្សា។

១២ឆ្នាំ សាកល្បងសមត្ថភាពត្រឹមតែពីរថ្ងៃ ក្រោមគោលការណ៍ដ៏តឹងរឹង «អ្នកចេះ គឺជាប់» គឺជាពេលវេលាតានតឹង និងរំជើបរំជួលចិត្តមួយសម្រាប់បេក្ខជនគ្រប់រូប។ ភាពរំជើបរំជួលដួងចិត្ត ការព្រួយបារម្ភមិនមែនតែបេក្ខជននោះទេ អាណាព្យាបាលរបស់បេក្ខជនគ្រប់រូបខ្វាយខ្វល់ជាងៗកូនទៅទៀត។

អ្នកស្រី ទេព ឧឡារីន ជាប្រជាពលរដ្ឋមួយរូបនៅក្នុងរាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ អ្នកស្រី ក៏បានជូនកូនប្រុសមកប្រលងនៅមណ្ឌលប្រលងវិទ្យាល័យព្រះស៊ីសុវត្ថិផងដែរ។

កូនបានចូលទៅប្រលងទៅហើយ តែអ្នកស្រី ក៏ដូចជាអាណាព្យាបាលដទៃទៀតដែរ បន្តឈរនៅមុខមណ្ឌលប្រលងទាំងចិត្តអន្ទះអន្ទែង។

នេះជាកូនទីពីរហើយដែលបានប្រលងបាក់ឌុប សម្រាប់គ្រួសារអ្នកស្រី ឧឡារីន។ បើទោះបីមិនមែនជាកូនដំបូង តែអ្នកស្រីនៅតែមានអារម្មណ៍អន្ទះអន្ទែងព្រួយបារម្ភមិនខុសពីកូនដំបូងនោះឡើយ។

អ្នកស្រី ទេព ឧឡារីន បានបង្ហាញការព្រួយបារម្ភរបស់អ្នកស្រីយ៉ាងដូច្នេះ «រំភើបណាស់មិនដឹងថាយ៉ាងម៉េចទេ? ចេះតែចង់ហូរទឹកភ្នែក ពេលឃើញទិដ្ឋភាពនៅមុខវិទ្យាល័យ ភ័យបន្តិច អរបន្តិចជំនួសកូនដែរ។ ភ័យហ្នឹងខ្លាចគាត់ [កូន] អត់ចេះ ខ្លាចគាត់មានបញ្ហាសុខភាពអ៊ីចឹង។ អរហ្នឹង គឺនឹកគិតថា គាត់បានដល់ថ្ងៃប្រកួតប្រជែងយកសញ្ញាបត្រ គាត់មានឱកាសបន្តទៀត ដើម្បីមានការងារធ្វើអ៊ីចឹង»

ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ទ្រង់ទ្រាយ ក្រោមគោលការណ៍ម៉ឺងម៉ាត់ «អ្នកចេះ គឺជាប់» ចាប់តាំងពីឆ្នាំ២០១៤ ក្រោយពេលលោក ហង់ជួន ណារ៉ុន ចូលមកគ្រប់គ្រងស្ថាប័នអប់រំនេះ។ អ្នកស្រី ទេព ឧឡារីន បានបង្ហាញការពេញចិត្ត និងគាំទ្រពេញទំហឹងចំពោះការធ្វើកំណែទម្រង់នេះ។

អ្នកស្រី បានហៅការធ្វើកំណែទម្រង់នេះ បានផ្តល់នូវយុត្តិធម៌មួយជូនដល់អ្នកសិក្សា ពោលអ្នកមានសមត្ថភាព គឺអាចទទួលបានសញ្ញាបត្រ៕