(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងសារជូនពរដល់ក្មួយៗបេក្ខជន-បេក្ខនារី ត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២នេះ ទាំងអស់ បានប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។

ការថ្លែងរបស់អភិបាលខេត្តព្រៃវែងបែបនេះ ខណៈដែលលោកអញ្ជើញកាត់វិញ្ញាសាប្រឡងសញ្ញាបត្រទុតិយភូមិ នៅវិទ្យាល័យអង្គឌួង ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលមានការចូលរួមពីមន្ត្រីក្រសួងអប់រំ និងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំង មន្ទីរអង្គភាពដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។

លោកអភិបាលខេត្ត បានថ្លែងផ្តាំផ្ញើដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២១-២០២២ ត្រូវប្រឹងប្រែងឱ្យអស់សមត្ថភាព ដែលបានសិក្សាកន្លងមក ដើម្បីទទួលបានជោគជ័យទាំងអស់គ្នា ហើយឈានទៅបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យបន្ថែមទៀត និងមានឱកាសយកចំណេះវិជ្ជាទាំងអស់នេះ ទៅបម្រើប្រយោជន៍សង្គម និងប្រទេសជាតិ ដើម្បីតបស្នងចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអប់រំ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដ៏មានសក្ដានុពលនេះ សំដៅការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានកាន់តែរីកចម្រើន ទៅថ្ងៃអនាគតបន្ថែមទៀត។

សូមបញ្ជាក់ថា ការប្រឡងឆ្នាំ២០២២នេះ បានធ្វើការរៀបចំដំណើរការទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សារាចរណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសហការជាមួយមន្ត្រី សុខាភិបាលនូវវិធានសុខាភិបាល ៣ការពារ និង៣កុំ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងការចូលរួមសម្របសម្រួលពីយុវជនស្ម័គ្រចិត្ត កម្លាំងនគរបាល និងកងរាជអាវុធហត្ថផងដែរ។

សម្រាប់បេក្ខជនបេក្ខនារីដែលត្រូវប្រឡងសញ្ញាបត្រទុតិយភូមិ នៅខេត្តព្រៃវែង មានចំនួនសរុប៧១០២នាក់ ស្រី៤២៩៤នាក់ និងមានមណ្ឌលប្រឡងចំនួន ១៥ មណ្ឌល៣ក្រុងស្រុក រួមមាន ក្រុងព្រៃវែង ស្រុកស្វាយអន្ទរ និងស្រុកបាភ្នំ៕