(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ជាំង ជឺមីន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ ប្រព្រឹត្តទៅនៅស្ថានទូតចិន ប្រចាំនៅកម្ពុជា។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានប្រគល់ជូនលោក Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន នូវសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា «មរណភាពរបស់ឯកឧត្តមអតីតប្រធានាធិបតី គឺជាការបាត់បង់ដ៏ធំធេងនូវរដ្ឋបុរសដ៏អស្ចារ្យ របស់មិត្តចិន ដែលបានលះបង់ពេលវេលាពេញមួយជីវិត លើកកម្ពស់ជីវភាពរស់នៅប្រកបដោយវិបុលភាពនៃប្រជាជន និងប្រទេសចិន»

ក្នុងសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឱ្យដឹងទៀតថា «ក្នុងអំឡុងពេលនៃការដឹកនាំរបស់ឯកឧត្តម ប្រទេសចិនទទួលការរីកលូតលាស់សេដ្ឋកិច្ចយ៉ាងលឿន បានទទួលអធិបតេយ្យភាពហុងកុងត្រឡប់មកវិញ បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០០៨ នៅទីក្រុងប៉េកាំង និងបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកជាផ្លូវការ។ ភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសព្វរបស់ឯកឧត្តម អតីតប្រធានាធិបតី មិនត្រឹមតែផ្តល់ជាគម្រូវីរភាពដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវការគោរពស្រឡាញ់ពីប្រជាជនក្នុងបណ្តាប្រទេសនានា នៅលើសកលលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ឯកឧត្តម ជាំង ជឺមីន គឺជាមិត្តដ៏ល្អរបស់កម្ពុជា ដែលបានមកទស្សនកិច្ចផ្លូវការនៅកម្ពុជា នាឆ្នាំ២០០០ និងបានផ្តល់សារៈសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន»។ កិត្យានុភាពរបស់ឯកឧត្តម អតីតប្រធានាធិបតី នឹងត្រូវបានចងចាំ និងគោរពស្រឡាញ់ជារៀងរហូត»

ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក ជាំង ជឺមីន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕