(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា នាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ខុសប្រក្រតីកើតមានឡើង គួរឱ្យកត់សម្គាល់នោះទេ។

បេក្ខជនដែលបានចេញពីមណ្ឌលប្រឡងមានទឹកមុខស្រស់ស្រាយ សប្បាយរីករាយ ដែលបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពិតជាប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២៧០០នាក់។

នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនមួយចំនួន មកពីខេត្តឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ មណ្ឌលគិរី ដែលមានបញ្ហាសុខភាព នៅក្នុងដំណើរសំណេរការប្រឡង។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតបន្តទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យ។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕