(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត កំពុងប្រឈមទៅនឹងការដកសិទ្ធិប្រកួតក្នុង Euro 2016 ត្បិតក្រុមមួយនេះជិតបានឡើង ទៅវគ្គ១៦ក្រុមហើយនោះ ដោយសារតែអ្នកគាំទ្ររបស់ខ្លួនបង្កហិង្សា និងដុតកាំជ្រួចគប់ក្នុងទីលានយប់មិញនេះ។

សារព័ត៌មាន Dailymail បានអោយដឹងថា ហេតុការការណ៍នេះ គឺបានកើតឡើង នៅពេលកីឡាករក្រូអាតបានធ្វេសប្រហែសអោយក្រុម សាធារណរដ្ឋឆេក វាយបកតាមបានស្មើលទ្ធផល ២-២ វិញនៅនាទីចុងម៉ោងដោយមិននឹកស្មាន ក្រោយពេលដែលក្រូអាត បានធ្វើការនាំមុខ ២-០ តាំងពីនាទីទី៥៩មក។

រហូតមកទល់នឹងពេលនេះ UEFA មិនទាន់បញ្ចេញសេចក្តីថ្លែងការណ៍ណាមួយទាក់ទងនឹងរឿងហេតុនេះនៅឡើយទេ ដោយបើកការ ស៊ើបអង្កេតសិន ថាតើជាអំពើរបស់ក្រុមអ្នកគាំទ្រក្រូអាត ឫក៏យ៉ាងណា។

តែកីឡាករ Ivan Rakitic ដែលរកបានគ្រាប់ទី២អោយក្រូអាតនៅនាទីទី៥៩ យប់មិញនេះ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍ផ្ទុះហិង្សា និងដុតកាំជ្រួចបោះចូលទីលាន ពុំមែនជាការបង្កឡើងដោយអ្នកគាំទ្ររបស់ក្រូអាតឡើយ តែជាសកម្មភាពរបស់អ្នកចូលចិត្តឡុកលុក ក្នុងកីឡាទៅវិញទេ៕