(ភ្នំពេញ)៖ នៅឆ្នាំ២០២៣ខាងមុខនេះ រាជរដ្ឋាភិបាលបានត្រៀមថិវកាចំនួន៤៦៥លានដុល្លារអាមេរិក សម្រាប់អនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ (ក្រ១ និងក្រ២) និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់មួយគ្រាជូនគ្រួសារ ដែលងាយរងហានិភ័យ (គ្រួសារដែលមានជីវភាពកៀកនឹងបន្ទាត់នៃភាពក្រីក្រ)។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា ជារួមចំណាយចរន្តថវិកាជាតិ សម្រាប់ឆ្នាំ២០២៣ ត្រូវបានវិភាជដោយផ្អែកលើតម្រូវការ និងអាទិភាពចាំបាច់ រួមទាំងការអនុវត្តន៍សកម្មភាពថ្មីៗមួយចំនួន ទៅតាមវិស័យសំខាន់ៗរួមមាន វិស័យសង្គមកិច្ច ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាព បន្ទាប់មកមានវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ វិស័យរដ្ឋបាលទូទៅ និងវិស័យសេដ្ឋកិច្ច។

លោកបន្តថា ក្រៅពីផ្តោតទៅតាមវិស័យអាទិភាពនេះ ថវិកាជាតិឆ្នាំ២០២៣ ក៏ត្រូវបានរៀបចំដើម្បីឆ្លើយបតទៅនឹងអាទិភាពជាក់ស្តែងតាមកម្មវិធីនឹងគម្រោងសំខាន់ៗមួយចំនួនទៀត គឺការបន្តអន្តរាគមន៍របស់រដ្ឋក្នុងការទប់ទល់នឹងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ផលប៉ះពាល់ពីសម្ពាធអតិផរណា ដែលមានទឹកប្រាក់ប្រមាណ ៤៦៥លានដុល្លារ ក្នុងនោះកម្មវិធីវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ និងកញ្ចប់ឧបត្ថម្ភគ្រួសារ ចំនួប្រមាណ៤០០លានដុល្លារ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ មួយគ្រាជូនគ្រួសារដែលងាយរងហានិភ័យ ចំនួនប្រមាន ៦៥លានដុល្លារ។

ក្រៅពីកម្មវិធីទាំង២ខាងលើនេះ រាជរដ្ឋាភិបាលក៏មានកម្មវិធីផ្សេងទៀត ដូចជា កម្មវិធីបណ្តុះបណ្តាលសមត្ថភាពជំនាញវិជ្ជាជីវៈ និងការជួយកម្មករព្យួរកិច្ចសន្យាការងារ ត្រូវបានគ្រោងថវិកាប្រមាណ ៦០ លានដុល្លារ, គម្រោងសាច់ប្រាក់ពលកម្ម (Cash for Works) ត្រូវបានគ្រោងថវិកាប្រមាណ ១០០ លានដុល្លារអាមេរិក, សម្រាប់បង្កើតការងារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅជនបទ រួមមាន ប្រឡាយជើងកែ្អម ស្រះទឹក អណ្ដូង និងបង្គន់អនាម័យនៅតាម សាលារៀនជាដើម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ខេត្តសៀមរាប ចំនួនប្រមាណ ២៥ លានដុល្លារ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតង ត្រូវបានគ្រោងថវិកាប្រមាណ ៥០ លានដុល្លារ, ការអនុវត្តយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនប្រមាណ១០០ លានដុល្លារ, ឧបករណ៍ផ្តល់ហិរញ្ញប្បទានបន្ថែម ដល់សហគ្រាសធុនតូច និងមធ្យមប្រមាណ ១០០ លានដុល្លារ, ការជំរុញពិពិធកម្មសេដ្ឋកិច្ច និងភាពប្រកួតប្រជែងប្រមាណ ៣០ លានដុល្លារ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មានគោលនយោបាយ ផ្នែកគាំពារសង្គម និងផ្នែកលើកកម្ពស់គុណភាព និងសមធម៌សង្គម រួមមានសុខាភិបាល ការកសាងសាលារៀន និងការធ្វើជាម្ចាស់ផ្ទាល់ ក្នុងការរៀបចំកីឡាអាស៉ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមផងដែរ៕