(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ មន្ត្រីនគរបាលអត្តសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការការជាមួយនគរបាលប៉ុស្តិ៍មញលដ្ឋាន និងអាជ្ញាធរភូមិ សង្កាត់បានកំពុងបន្តយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានទៅដល់ផ្ទះតែម្តង។

យុទ្ធនាការនេះបានធ្វើឡើងក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើដំណើរមកធ្វើអត្តសញ្ញាណប័ណ្ណមកដល់ប៉ុស្តិ៍នគរបាលសង្កាត់។

តាមរយៈយុទ្ធនាការនេះ មន្ត្រីនគរបាលបានចុះទៅតាមខ្នងផ្ទះប្រជាពលរដ្ឋ សម្រាប់ឱ្យប្រជាពលរដ្ឋដែលមានបញ្ហាអត្តសញ្ញាណប័ណ្ណដូចជា៖ ដែលត្រូវគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ, អត្តសញ្ញាណប័ណ្ណខូច។

ហើយនេះជាយុទ្ធនាការមួយគួរឱ្យកោតសសើរដែលមន្ត្រីនគរបាលបានចុះអនុវត្តន៍បែបនេះ គឺជាការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាក់ស្តែងដោយមិនរំខាន ឬចាំបាច់ឱ្យពួកគាត់ធ្វើដំណើរ ឬពិបាកស្វែងរកសេវាសាធារណៈពីមន្ត្រីនគរបាល ឬអាជ្ញាធរនោះទេ៕