(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ បានលើកឡើងថា ផ្តើមចេញពីកូនកសិករ រហូតឈានក្លាយខ្លួនជាថ្នាក់ដឹកនាំ និងជាអគ្គនាយកអគ្គិសនីកម្ពុជា ដែលមានវ័យក្មេងជាងគេផងនោះ លោកក៏ធ្លាប់បានជួបនូវបញ្ហាលំបាកនានាជាច្រើន ក្នុងរបបខ្មែរក្រហម រហូតរួចផុតពីការកាប់សម្លាប់ អាចរស់រានមានជីវិត ទទួលបានសុខសន្តិភាព និងមានឱកាសសិក្សារៀនសូត្រ ឈានទៅសម្រេចគោលបំណង ក្លាយជាថ្នាក់ដឹកនាំមកដល់បច្ចុប្បន្ន។

លោក កែវ រតនៈ បានលើកឡើងបែបនេះ នៅស្នាក់ការគណបក្សខេត្ត ក្នុងឱកាសជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ នៃវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យទាចំរ៉ាត់ ប្រមាណ៤០០នាក់ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ នាថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខ ដោយបានការចូលរួមពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកអភិបាលរងខេត្ត នាយក នាយករង លោកគ្រូ អ្នកគ្រូ និងប្អូនៗក្មួយៗសិស្សានុសិស្ស ថ្នាក់ទី១២ នៃវិទ្យាល័យទាំង២យ៉ាងច្រើនកុះករ។

មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ លោក កែវ រតនៈ បានថ្លែងថា យើងមានឱកាសជួបជុំគ្នានាពេលនេះ គឺដោយសារសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្តូរ រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍមកទល់សព្វថ្ងៃ។ លោកបានបន្ថែមថា តាមពិតទៅការងារដែលលោកកាន់ គឺមានតែស្រុកក្រគរ និងស្រុកកណ្តៀងប៉ុណ្ណោះទេ តែក្រោយការចាត់តាំងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានការជួយគាំទ្រ ពីសំណាក់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ផងនោះ បានទុកចិត្តចាត់រូបលោក ឱ្យជួយពង្រឹងការងារយុវជន និងបណ្តាញគ្រូបង្រៀនក្នុងស្រុកបាកាន និងមួយផ្នែកក្នុងក្រុងពោធិ៍សាត់ បន្ថែមពីលើការងារបច្ចុប្បន្ន ធ្វើយ៉ាងឱ្យកិច្ចការងារទាំងនោះដំណើរការទៅដោយរលូត។

ផ្តើមចេញពីកូនកសិករ រហូតឈានក្លាយជារដ្ឋមន្ត្រី អមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ដែលមានវ័យក្មេងជាងគេផងនោះ លោក កែវ រតនៈ ក៏បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន ដែលធ្លាប់បានជួបនូវបញ្ហាលំបាកនានា ក្នុងរបបខ្មែរក្រហម រហូតរួចផុតពីការកាប់សម្លាប់ អាចរស់រានមានជីវិត ទទួលបានសុខសន្តិភាព និងមានឱកាសសិក្សារៀនសូត្រ ឈានទៅសម្រេចគោលបំណង ក្លាយជាថ្នាក់ដឹកនាំមកដល់បច្ចុប្បន្ន ទាំងនេះដោយសារការខិតខំប្រឹងប្រែង ជំនះគ្រប់ឧបសក្តិរបស់ខ្លួនយើងផ្ទាល់ ពិសេសក្រោមម្លប់សន្តិភាពរបស់សម្តេច។

លោកក៏បានកោតសរសើរ ដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ចិត្ត ខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស មិនថាមានបញ្ហាទុក្ខលំបាកយ៉ាងណា ក៏មិនថ្អូញថ្អែរ ហើយតស៊ូពុះពារគ្រប់ឧបសគ្គ។

ជាការពិតណាស់ថា នាពេលដ៏ខ្លីខាងមុខ ប្អូនៗក្មួយៗទាំងអស់ នឹងចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, ក្នុងនាមថ្នាក់ដឹកនាំ លោកក៏សូមជូនពរដល់ប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យប្រឡងជាប់គ្រប់ៗគ្នា ដើម្បីឈានទៅសម្រេចបំណងប្រាថ្នា ទៅថ្ងៃអនាគត។

លោក​ក៏​បានជំរុញ និងលើកទឹកចិត្ត​ឱ្យ​ប្អូន​ៗ​សិស្សានុសិស្ស​ខិតខំរៀនសូត្រ​ អភិវឌ្ឍន៍​ខ្លួន​ឱ្យ​មាន​សមត្ថភាព​ ដើម្បី​យក​ចំណេះ​ដឹង​ និងជំនាញ​ មកអភិវឌ្ឍន៍​មូលដ្ឋាន​ស្រុក​យើង​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។ ជាការលើកទឹកចិត្ត ដល់ប្អូនៗក្មួយៗសិស្សានុសិស្ស ថ្នាក់ទី១២ នៃវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យទាចំរ៉ាត់ លោកបានប្រកាសរៀបចំដំណើរទស្សនកិច្ចសិក្សា នាំប្អូនៗក្មួយៗ ទៅកាន់ខេត្តសៀមរាប ដែលជាបេះដូងនៃប្រទេសកម្ពុជា ក្រោយបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបានចែកជូនថវិកា ដល់ប្អូនៗក្មួយៗសិស្សានុសិស្ស ប្រមាណ៤០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា១០ម៉ឺនរៀលស្មើៗគ្នា៕