(សៀមរាប)៖ ដើម្បីអត្ថប្រយោជន៍ចំពោះសុខភាពមនុស្សគ្រប់គ្នា វិធីហាត់ «យោហ្កា» ត្រូវបានអង្គការសហប្រជាជាតិ កំណត់ថ្ងៃទី២១ ខែមិថុនា ជាទិវាអន្តរជាតិ ស្តីពី «យោហ្កា» (International Day of Yoga) ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក ដើម្បីផ្សព្វផ្សាយអំពីវិធីហាត់សមាធិទាំងផ្លូវកាយ ផ្លូវចិត្ត សម្រួលចលនាសាច់ដុំ និងចង្វាក់សរសៃឈាមឲ្យរត់ស្រួលសម្រាប់សុខភាពរាងកាយរបស់មនុស្សយើង។

ដោយឡែកនៅប្រទេសកម្ពុជា ស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយ ក្រសួងទេសចរណ៍ សាលាខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា រួមនឹងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីរៀបចំទិវាអន្តរជាតិ ស្តីពី «យោហ្កា» ជាលើកទី២ នៅលើទឹកដីអង្គរ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៧៖០០ព្រឹក នៅបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ ឆ្នាំនេះផងដែរ ទិវាអន្តរជាតិយោហ្កាបានផ្ដល់ឱកាស់ឲ្យសាធារណជន និងភ្ញៀវទេសចរ ជាតិ-អន្តរជាតិ បានចូលរួម និងយល់ដឹងបន្ថែម អំពីការធ្វើលំហាត់ប្រាណសមាធិ សម្រួលអារម្មណ៍ផ្លូវចិត្ត ផ្លូវកាយ។ ហើយទិវានេះក៏បាន ចូលរួមចំណែក ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា ឲ្យភ្ញៀវទេសចរនៅជុំវិញពិភពលោក បានចាប់អារម្មណ៍ និងបានធ្វើដំណើរមកទស្សនាកម្ពុជា កាន់តែមានចំនួនច្រើនឡើងថែមទៀត។

លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ធ្លាប់មានថ្លែងថា៖ មនុស្សយើងអាចរស់នៅបានសុខស្រួល លុះត្រាទផ្លូវចិត្ត និងផ្លូវកាយល្អប្រសើរដូចគ្នា មិនអាចខ្វះមួយណាបានឡើយ ដូច្នេះ "យោហ្កា" ជាវិធីហាត់សមាធិដ៏ល្អមួយ ដែលធ្វើឱ្យមានតុល្យភាពផ្លូវចិត្ត និងផ្លូវកាយ។ ម្យ៉ាងវិញទៀតតាមការស្រាវជ្រាវ ពីអ្នកជំនាញបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា យោហ្កា នៅតំបន់អង្គរនិងប្រាសាទអង្គរ មានទំនាក់ទំនងគ្នាច្បាស់លាស់ ដូចជារូបចម្លាក់នៅប្រាសាទបន្ទាយស្រី និងតាមរយៈសិលាចារិក និយាយថា នៅសតវត្សទី១០ មានព្រះរាជគ្រូ បានដឹកនាំធ្វើយោហ្កា នៅតំបន់អង្គរ ផងដែរ។

លោកបានបន្ថែមថា៖ តាងនាមឲ្យអាជ្ញាធរជាតិអប្សរា ដែលមានតួនាទីថែរក្សា ការពារ អភិរក្សតំបន់អង្គរ បានបង្ហាញការគាំទ្រទាំងស្រុង ចំពោះ ការរៀបចំទិវាអន្តរជាតិ យោហ្កា នៅលើទឹកដីវប្បធម៌ប្រវត្តិសាស្រ្ដអង្គរ។ ហើយអាជ្ញាធរជាតិអប្សរា ក៏បានចូលរួមរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ផ្តល់អ្នកជំនាញថតរូបអំពីព្រឹត្តិការអន្តរជាតិនេះ ពិសេសគឺបានផ្តល់ទឹកស្អាត សម្រាប់អ្នកចូលរួមទាំងអស់ ពិសារដោយឥតគិតថ្លៃផងដែរ ។

លោក NA VEEN SRIVASTAVA ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា ធ្លាប់បានរំឭកអំពីព្រឹត្តិការណ៍នេះ កាលពីឆ្នាំមុន ដែលទទួលបានការចូលរួមយ៉ាងច្រើនពីសាធារណជន និងការសហការល្អពីអាជ្ញាធរពាក់ព័ន្ធ។ លោកបញ្ជាក់ទៀតថា ទិវាអន្តរជាតិ ស្តីពី «យោហ្កា» នឹងបន្តធ្វើជារៀងរាល់ឆ្នាំ នៅលើទឹកដីអង្គរ ដើម្បីជួយផ្សព្វផ្សាយដល់វិស័យទេសចរណ៍របស់កម្ពុជា និងដើម្បីបានចំណូលសេដ្ឋកិច្ចជាតិផងដែរ។

លោកមានសង្ឃឹមថា៖ ព្រឹត្តិការណ៍នេះ នឹងបានទាក់ទាញសាធារណជន និងភ្ញៀវទេសចរ កាន់តែច្រើនមកចូលរួមហាត់ «យោហ្កា» ហើយ យោហ្កា នេះដែរ ត្រូវបានហាត់ធ្វើជារៀងរាល់ថ្ងៃ ដោយមិនចាំបាច់តែថ្ងៃពិសេសទេ ដើម្បីសុខភាព។ ម្យ៉ាងវិញទៀត «យោហ្កា» មិនមែនជំរុញ ឬ ធ្វើឱ្យមានកម្លាំងខ្លាំងទេ តែវាធ្វើឱ្យមានតុល្យភាពផ្លូវកាយ និងផ្លូវចិត្ត ពិសេសជួយសម្រួលអារម្មណ៍យើងបានស្ងប់ល្អ ដែលមនុស្សគ្រប់គ្នាគួរតែធ្វើ និងឈ្វេងយល់ពីយោហ្កា៕