(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៤ ខែធ្នូនេះ បានចាប់ផ្តើមបិទបញ្ជីឈ្មោះបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៥ ធ្នូ ២០២២ នៅតាមមណ្ឌលប្រឡងទូទាំងប្រទេស។

ក្រសួងអប់រំបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ចាំបាច់ត្រូវទៅពិនិត្យ បញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា និងប្លង់បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិប្រឡង ដែលត្រូវបានបិទនៅតាមគ្រប់មណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្ត នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែធ្នូនេះ។

ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ ចូលក្នុងមណ្ឌល ប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានាក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧ ៧៥៣ នាក់។

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕