(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ និងអភិបាលរដ្ឋធានីវៀងចន្ទ បានជំរុញទំនាក់ទំនងការទូតរវាងទីក្រុងទាំងពីរ ឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ដើម្បីបម្រើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។

ការជំរុញនេះធ្វើឡើងនៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងជំនួបពិភាក្សាទ្វេភាគីរវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក អាត់សាផានថង ស៊ីផានជូន អភិបាលរដ្ឋធានីវៀងចន្ទ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

ក្នុងឱកាសនោះ ភាគីទាំង២ បានផ្លាស់ប្ដូរមតិយោបល់ និងពិភាក្សាលើកិច្ចការផ្សេងៗទៀត ដូចជា ត្រួតពិនិត្យលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីវៀងចន្ទ និងរាជធានីភ្នំពេញ ការគ្រប់គ្រងទេសចរណ៍ រដ្ឋបាលទីក្រុង និងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។

លោក ឃួង ស្រេង បានរំលឹកថា កាលពី៤០ឆ្នាំមុន រាជធានភ្នំពេញ ជាទីក្រុងខ្មោច តែក្រោយពេលរំដោះប្រទេសជាតិ ដោយសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យទីក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើន ដែលយើងបានឃើញស្រាប់នៅពេលនេះ។ ក្រោមសន្តិភាព ជាង២០ឆ្នាំ រាជធានីភ្នំពេញមានរចនាសម្ព័ន្ធ មានការអភិវឌ្ឍលើគ្រប់វិស័យ ដែលនេះបង្ហាញឲ្យឃើញពីតម្លៃនៃសន្តិភាព។

លោកក៏បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងបានយ៉ាងល្អទាំងសន្តិសុខ ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។ ប៉ុន្តែទោះបី ជាមានការរីកចម្រើនយ៉ាងណាក្តី បញ្ហាប្រឈមក៏នៅកើតមាន តម្រូវឲ្យអាជ្ញាធររាជធានីភ្នំពេញ ធ្វើការដោះស្រាយ ពិសេសការកកស្ទះចរាចរ បញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដោះស្រាយជាបន្តបន្ទាប់ ដោយការកសាងស្ពានអាកាសជាច្រើនកន្លែង ហើយក៏នៅតែដកស្រង់មកពិសោធន៍ពីបណ្ដារាជធានី រដ្ឋធានីផ្សេងទៀត សំដៅធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ កាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះ លោក​ អាត់សាផានថង ស៊ីផានជូន បានសម្ដែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន និងវេទិការអភិបាលក្រុងអាស៊ាននេះទទួលបានជោគជ័យ។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងការទប់ស្កាត់នូវការរីករាលជំងឺកូវីដ១៩ បានយ៉ាងល្អ រហូតទទួលបានការកោតសរសើរពីឆាកអន្តរជាតិ។

លោក អាត់សាផានថង ស៊ីផានជូន ក៏បានលើកឡើងពីការអភិវឌ្ឍន៍រីកចម្រើនមួយចំនួន នៅក្នុងរដ្ឋធានីវៀងចន្ទ ដោយរដ្ឋធានីនេះ បានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាមួយការពង្រីកនៅវិស័យទេសចរណ៍ ពង្រីកការដឹកជញ្ជូនជាដើម។ លោកចង់ឲ្យមានការផ្លាស់ប្ដូរ បញ្ជូនអាហារូបករណ៍ដល់និស្សិត នៃទីក្រុងទាំងពីរឲ្យបានសិក្សានៅប្រទេសឡាវ ក៏ដូចជានិស្សិតឡាវ មកសិក្សានៅរាជធានីភ្នំពេញ និងការសូមឲ្យទំនាក់ទំនង រវាងរាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ដើម្បីបម្រើឲ្យផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។

បន្ថែមពីនេះ លោកអភិបាលរដ្ឋធានីវៀងចន្ទ ក៏បានអញ្ជើញអភិបាលរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវៀងចន្ទ នៅពេលខាងមុខនេះ។

ចំពោះការស្នើឡើងជុំវិញការផ្លាស់ប្ដូរអាហារូបករណ៍និស្សិត ទៅសិក្សានៅប្រទេសឡាវ និងនិស្សិតឡាវ មកសិក្សានៅរាជធានីភ្នំពេញ អភិបាលរាជធានីភ្នំពេញ បានឯកភាព។ ចំណែក អញ្ជើញលោកឲ្យដឹកនាំប្រតិភូរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវៀងចន្ទ លោកបានបញ្ជាក់ថា នឹងរៀបចំប្រតិភូទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវៀងចន្ទ នៅក្នុងពេលវេលាសមស្របមួយ៕