(ភ្នំពេញ)៖ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ក្នុងពេលដែល​ការប្រមូលចំណូលរបស់កម្ពុជាកើនឡើងជាបន្តបន្ទាប់ និងការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា បានជំរុញ​ឱ្យរាជរដ្ឋាភិបាលកាន់តែយកចិត្តទុកដាក់បន្ថែមទៀតទៅលើមន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមនឹងពលរដ្ឋក្រីក្រ តាមរយៈការតម្លើងបៀរវត្ស និងកម្មវិធីឧបត្ថម្ភសាច់ជូនគ្រួសារក្រីក្រជាដើម។

លោក មាស សុខសេនសាន បានឱ្យដឹងថា «កំណើន និងចំណូលរបស់រាជរដ្ឋាភិបាល ដែលយើងប្រមូលបានរយៈគយ និងពន្ធដារ អ៊ីចឹងឃើញផលបណ្តើរៗដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល តម្លើងប្រាក់បៀរវត្សជូនមន្រ្តីរាជការទាំងថ្នាក់ជាតិ និងមន្រ្តីថ្នាក់ក្រោមជាតិ ដែលមានមន្រ្តីឃុំសង្កាត់ ក្រុមប្រឹក្សារាជធានីទាំងអស់សុទ្ធតែឡើងបានគួរសម»​

លោកបន្តថា ការគិតគូរដល់មន្រ្តីរាជការ និងពលរដ្ឋក្រីក្រនេះ ខណៈដែលឥទ្ធិពលនៃវិបត្តិជំងឺកូវីដ១៩បានស្រាកស្រាន្ត ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ច បានវិលមករកភាពប្រក្រតីជាបណ្តើរៗឡើងវិញហើយ ដោយនៅឆ្នាំ២០២២នេះព្យាករណ៍ថា នឹងកើនឡើងក្នុងរង្វង់៥.៤% និងនៅឆ្នាំ២០២៣ រំពឹងថា នឹងកើនឡើងលើសពី៦%​។

យោងតាមច្បាប់ថវិកាជាតិឆ្នាំ២០២៣ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលគ្រោងថវិកាប្រមាណជាង ៩ ៥៥៥ ប៊ីលានរៀល ឬប្រមាណ ២ ២៩៥ លានដុល្លារអាមេរិក​ សម្រាប់ចំណាយបន្ទុកបុគ្គលិករដ្ឋ ​នៅក្នុងឆ្នាំ២០២៣ ដើម្បីដំឡើងប្រាក់បៀវត្ស ជូនមន្ត្រីរាជការស៊ីវិល គ្រូពេទ្យ គ្រូបង្រៀន មន្រ្តីកងកម្លាំង​ប្រដាប់អាវុធ ដែលមានប្រាក់ខែអប្បបរមាជាង១លាន១សែនរៀល ឱ្យដល់ជាង១លាន៣សែនរៀល ខណៈមន្រ្តីជាប់កិច្ចសន្យាឡើងដល់៧១ម៉ឺនរៀល ដើម្បីគាំទ្រដល់ជីវភាព មន្រ្តីរាជការ បន្ទាប់ពីខកខានក្នុងការដំឡើងរបស់រយៈពេល២ឆ្នាំ ដោយសារតែបញ្ហាកូវីដ១៩។

​ចាប់ពីខែមករា ឆ្នាំ២០២៣ បៀវត្សអប្បបរមារបស់មន្ត្រីរាជការ​នឹងត្រូវបានតម្លើង​៖

* បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល​ នឹងត្រូវបានដំឡើងពីចំនួន ១ ១៧២ ៥០០ រៀល នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៣០០ ០០០ រៀល

* គ្រូបង្រៀន និង គ្រូពេទ្យ នឹងត្រូវបានដំឡើងពីចំនួន ១ ២៧២ ៥០០ រៀល នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៤០០ ០០០ រៀល

* បៀវត្សនគរបាល (ពលបាលត្រី) នឹងត្រូវបានដំឡើងពីចំនួន ១ ២៥៦ ៩៧៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០២២ ដល់ប្រមាណ ១ ៣៨៤ ៤៧៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ)

* បៀវត្សយោធិន (ពលទោ) នឹងត្រូវបានដំឡើងពីចំនួន ១ ១២៣ ៥០០ រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ២៥១ ០០០ រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ត្រូវជាប្រមាណ ១ ៣០៩ ៤៧៧ រៀល។ ​

ទន្ទឹមនេះ​ រាជរដ្ឋាភិបាល បានគ្រោងថវិកាចំនួន៥០ប៊ីលានរៀល ​សម្រាប់មូលនិធិថែទាំសុខភាពជូនមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន និងបានបន្តគ្រោងថវិកាចំនួន ៦ ប៊ីលានរៀល ដើម្បីទ្រទ្រង់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ នៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល។

ចំពោះប្រាក់សោធននិវត្តន៍ ក៏ត្រូវបានគ្រោងថវិកាចំនួន ១៨១ ប៊ីលានរៀល សម្រាប់ការដំឡើង ប្រាក់សោធនអប្បបរមាប្រចាំខែជូនដល់និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ ក្នុងគោលដៅជួយគាំទ្រដល់ជីវភាពរបស់ពួកគាត់ ក៏ដូចជាសំដៅកាត់បន្ថយគម្លាតប្រាក់សោធនរបស់និវត្តជន រវាងនិវត្តជនថ្មី និងនិវត្តជនចាស់។ ដូចនេះ ប្រាក់សោធនអប្បបរមាប្រចាំខែរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន (អតីតយោធិន និងអតីតមន្ត្រីនគរបាលជាតិ) នឹងត្រូវបានដំឡើងពី ៦៩ ម៉ឺនរៀល ទៅដល់ ៧៧ ម៉ឺនរៀល ចាប់ពីខែមករា ឆ្នាំ ២០២៣​​។

ដោយឡែក​ប្រាក់ឧបត្ថម្ភសម្រាប់មន្រ្តីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងមានកំណើនដូចខាងក្រោម៖

* ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ១ ៥៧០ ០០០រៀល
* សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ១ ១៩៥ ០០០រៀល
* ​ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ១ ២៨៥ ០០០រៀល
* សមាជិក ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ​ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៩៧៩ ០០០រៀល
* ប្រធានក្រុមប្រឹក្សា ឃុំ សង្កាត់ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ១ ២៤០ ០០០រៀល
* ទំនប់ទី១ , ចៅសង្កាត់រងទី១ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៩៣០ ០០០រៀល
* ទំនប់ទី២ , ចៅសង្កាត់រងទី២ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៨២០ ០០០រៀល
* មេភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៥១០ ០០០រៀល
* អនុប្រធានភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៣៩០ ០០០រៀល

* សមាជិកភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៣៦០ ០០០រៀល

រីឯកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ស្រ្តីក្រីក្រមានផ្ទៃពោះ និងកុមារតូច រដ្ឋបានគ្រោងថវិកាសម្រាប់ឧបត្ថម្ភពេលពិនិត្យផ្ទៃពោះចំនួន៤លើក ដែលក្នុងមួយ១លើកចំនួន៤ម៉ឺនរៀល ​, ពេលសម្រាលកូននៅមណ្ឌលសុខភាពឬពេទ្យជូន២០ម៉ឺនរៀល​។ ជាមួយគ្នានេះ រដ្ឋក៏នឹងឧបត្ថម្ភ១០លើកទៀត ពេលទៅទទួលថ្នាំបង្ការរហូតដល់កុមារអាយុ២ឆ្នាំ ដោយក្នុងមួយលើក៤ម៉ឺនរៀល៕