(សៀមរាប)៖ លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្យសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើមានសមាជិកក្រុមគ្រួសារឈឺ សូមទៅរកសេវាព្យាបាលដែលមានវិជ្ជាជីវៈត្រឹមត្រូវ និងស្របច្បាប់ ចៀសវាងការទៅព្យាបាលជាមួយអ្នកដែលមិនមែនពេទ្យ ដោយគ្រាន់តែចេះតៗពីគ្នាប៉ុណ្ណោះ។

ការអំពាវនាវនេះបន្ទាប់ពីមានករណីបុគ្គលមួយរូប ដែលមិនមែនជាពេទ្យ បានចាក់ថ្នាំព្យបាលទៅលើកុមារីម្នាក់ឈ្មោះ ប៊ាន ស្រីឡុន អាយុ៥ឆ្នាំ រហូតដល់ស្លាប់ដែលម្តាយឈ្មោះ ឡាន់ គិមឡុន និងឪពុកឈ្មោះ បឿង ប៊ាន ដែលរស់នៅភូមិពង្រ ឃុំនគរភាស ស្រុកនគរជុំ ខេត្តសៀមរាប។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨៖៣០នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្យសៀមរាប បានប្រាប់ Fresh News ឱ្យដឹងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ថា គណៈគ្រូពេទ្យ ខេត្យសៀមរាប បានសហការជាមួយសមត្ថកិច្ច ឃាត់ខ្លួនពេទ្យ ក្លែងក្លាយ ដែលបានចាក់ថ្នាំព្យបាលទៅលើកុមារីម្នាក់រហូតដល់ស្លាប់ ធ្វើឡើងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។

គ្រូពេទ្យក្លែងក្លាយដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ វេ វី រស់នៅភូមិទន្លេស ឃុំនគរភាស ស្រុកនគរជុំ ខេត្តសៀមរាប ដែលអតីតជាង១០ឆ្នាំ មុនជាកម្មករនៅមណ្ឌលសុខភាព បន្ទាប់មកគាត់បានឈប់ធ្វើកម្មករ បានទៅរស់នៅក្នុងភូមិហើយបានដើរចាក់ថ្នាំឱ្យប្រជាពលរដ្ឋនៅតាមភូមិ ហើយក៏ធ្លាប់មានបញ្ហាជាច្រើនដងរួចមកហើយដែរ អាជ្ញាធរក៏បានហៅគាត់មកធ្វើកិច្ចសន្យា០៣ដងរួចមកហើយ ដើម្បីឱ្យគាត់ឈប់ប្រកបរបរនេះតទៅទៀត តែគាត់នៅតែលួចដើរចាក់ថ្នាំឱ្យបករជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបើមានសមាជិកក្រុមគ្រួសារឈឺ សូមទៅរកសេវាព្យាបាលដែលមានវិជ្ជាជីវៈត្រឹមត្រូវ និងស្របច្បាប់។ លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល បានបន្តថា សូមកុំទៅផ្ញើខ្លួនជាមួយនឹងគ្រូពេទ្យដែលពុំមានវិជ្ជាជីវៈត្រឹមត្រូវ ដែលគ្រាន់តែចេះតមកពី ពូ មុីង ខ្លះគ្រាន់តែធ្វើកម្មករពេទ្យ និងខ្លះទៀតពេទ្យសត្វក៏មានដែរ។

ទន្ទឹមនឹងនេះដែរ លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល លោកបានសំណូមពរដល់អ្នកដែលមិនមែនពេទ្យទាំងអស់ ឱ្យបញ្ឈប់ប្រកបមុខរបរនឹងតទៅទៀត ដោយងាកទៅប្រកបមុខរបរ ឬក៏វិជ្ជាជីវៈផ្សេងៗដែលខ្លួនចេះទៅ សូមកុំប្រកបរបរពេទ្យតទៅទៀត ព្រោះអីយើងមិនមែនពេទ្យផង ដែលនាំឲ្យមានទោស និងជាប់ពន្ធនាគារជាដើម។

ជាមួយនេះដែរ គណៈគ្រូពេទ្យខេត្តសៀមរាប ក៏សូមថ្លែងអំណរគុណដល់សមត្ថកិច្ច មន្ទីរសុខាភិបាលខេត្ត និងស្រុកប្រតិបត្តិ ដែលជានិច្ចកាលតែងតែជួយដល់គណៈគ្រូពេទ្យខេត្ត សម្រេចបានគោលដៅ ព្រមទាំងដើម្បីសុខភាពជូនប្រជាពលរដ្ឋផងដែរ។ សូមបញ្ជាក់ផងដែរ បច្ចុប្បន្ននេះ ជនល្មើសឈ្មោះ វេ វី ត្រូវបានសមត្ថកិច្ចកំពុងរៀបចំសំណុំរឿង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕