(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះបានសម្រេចបង្កើត «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

មាត្រា១នៃអនុក្រឹត្យបានសម្រេច៖ ត្រូវបានបង្កើត មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ សរសេរជាអក្សរកាត់ «ម.ក.គ.ម-២០២៥» សម្រាប់គ្រប់គ្រងថវិកាក្នុងការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងរំដោះផ្ទៃដីសង្ស័យមានមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីចូលរួមគាំទ្រគោលដៅកម្ពុជាអស់មីនឆ្នាំ២០២៥។

មាត្រា២ នៃអនុក្រឹត្យ បានគូសបញ្ជាក់ថា ប្រភពធនធានសម្រាប់មូលនិធិ មានប្រភពពី៖
* ដំណាក់កាលដំបូងជាថវិការដ្ឋមានទំហំ ១២៣,១៨០លានរៀល ស្មើនឹងប្រមាណ ៣០លានដុល្លារ។

* វីភាគទានថវិការដ្ឋសម្រាប់ឆ្នាំ២០២៣, ២០២៤ និង ២០២៥ តាមការចាំបាច់ជាក់ស្តែង និងវិភាគទានពីប្រភពស្របច្បាប់ផ្សេងទៀត។

ក្នុងមាត្រា៥ បានគូសបញ្ជាក់ថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ត្រូវរៀបចំផែនការសកម្មភាពការងារ ដែលត្រូវប្រើប្រាស់ប្រភពមូលនិធិ ម.ក.គ.ម-២០២៥ ដោយមានបញ្ជាក់ពីទីតាំង ទំហំផ្ទៃដីដែលត្រូវបោសសំអាត និងប្រតិទិនការងារ ព្រមទាំងរបាយការណ៍សមិទ្ធកម្ម នៃការអនុវត្តសកម្មភាពការងារ។ ផែនការសកម្មភាពនេះ ជាកម្មវត្ថុនៃការសម្រេចរបស់នាយករដ្ឋមន្ត្រី តាមសំណើរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។

បន្ទាប់ពីទទួលបានការអនុម័តពីនាយករដ្ឋមន្ត្រី អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ត្រូវរៀបចំគម្រោងស្នើសុំថវិកាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងផ្តល់ជូនតាមការជាក់ស្តែង។

ភ្លើងសង្គ្រាមចាប់ពីចុងទសវត្សរ៍៦០ រហូតដល់ចុងទសវត្សរ៍៩០ បានធ្វើឱ្យគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់បន្សល់ នៅពាសពេញផ្ទៃដីកម្ពុជា។ រយៈពេល៣០ឆ្នាំហើយ ដែលកម្ពុជា បានប្រឹងប្រែងបោសសំអាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចេញពីផ្ទៃដី ដើម្បីផ្តល់ដីសុវត្ថិភាព និងស្នាមញញឹមជូនប្រជាពលរដ្ឋកម្ពុជា។ ប៉ុន្តែការបោសសំអាតនេះមិនទាន់បានរួចរាល់ទាំងស្រុងនៅឡើយនៅឡើយទេ កម្ពុជាកំណត់យកឆ្នាំ២០២៥ បោសសំអាតមីនឱ្យបានអស់ពីផ្ទៃដីកម្ពុជា។

ការចេញអនុក្រឹត្យស្តីពីការបង្កើតមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ គឺជាការប្តេជ្ញាចិត្តដ៏មុតមាំមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបោសសំអាតមីននាំយកផ្ទៃដីសុវត្ថិភាព និងស្នាមញញឹមជូនប្រជាពលរដ្ឋកម្ពុជា។

យោងតាមអាជ្ញាធរមីនរយៈពេល៣០ឆ្នាំ នៃការបោសសំអាតមីន មានផ្ទៃដីប្រមាណ ២,៥៣១គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច និងប្រែក្លាយជាដីសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ ៩លាននាក់ ប្រើប្រាស់ និងរាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្មជាដើម ជាពិសេសបានប្រែក្លាយ ដីមីន ទៅជាដីមាស។ ប្រតិបត្តិករ បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់។ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១,១៥១,២៣២គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ២៦,១១២ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៣,០២៨,៦៥៩គ្រាប់។

ចាប់តាំងពីឆ្នាំ១៩៧៩មក ប្រជាជនចំនួន ៦៥,០០៤នាក់ បានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន ១៩,៨១៨នាក់។ ជាមួយគ្នានឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ចំនួនជនរងគ្រោះប្រចាំឆ្នាំបានថយចុះពី ៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ ជាឆ្នាំដែលមានចំនួនជងរងគ្រោះច្រើនបំផុត មកនៅ ៤៤នាក់ ក្នុងឆ្នាំ២០២១ កន្លងមកនេះ។

គិតត្រឹមខែតុលា ឆ្នាំ២០២២ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២,០០១ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៧០៣គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១,២៩៨គីឡូម៉ែត្រក្រឡា រាប់បញ្ចូលទាំងគ្រាប់បែកចង្កោមផងដែរ។

ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ រាជរដ្ឋាភិបាល បានផ្ដល់ថវិកាជាង ២០០លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីន នៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ។

រាជធានី-ខេត្តរបស់កម្ពុជាចំនួន៥ ត្រូវបានប្រកាសអស់មីន រួមមាន៖ ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ និងព្រះសីហនុ។ ខេត្តបន្តបន្ទាប់ទៀត ដែលនឹងត្រូវប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» រួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត ស្វាយរៀង កំពង់ស្ពឺ និងក្រចេះ៕