(ភ្នំពេញ)៖ នៅថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០១៦ស្អែកនេះ ក្រសួងបរិស្ថានក្រោមការរៀបចំផ្ទាល់ពីសំណាក់ រដ្ឋមន្រ្តីវ័យក្មេង សាយ សំអាល់ នឹងមានការ រៀបចំបោះជំរុំនៅតំបន់ឧទ្យានជាតិគីរីរម្យ ដោយមានការដាំដើមឈើ និងផ្កាមួយចំនួននៅតំបន់នោះ បន្ទាប់ពីតំបន់ដែលមានទំនាស់ដីធ្លី ឲ្យប្រែក្លាយទៅជាតំបន់ ទេសចរណ៍មួយដ៏គួរឲ្យទាក់ទាញសម្រាប់ពលរដ្ឋនៅកម្ពុជា ទាំង​នេះជាយុទ្ធសាស្រ្ដដើម្បីអភិរក្ស និងការពារព្រៃ រួមទាំងប្រែក្លាយពីការពឹងផ្អែកទៅលើព្រៃឈើ និងធនធានធម្មជាតិ គឺមកពឹងផ្អែកទៅលើ សេវាកម្មទេសចរណ៍វិញ។

រដ្ឋមន្រ្តី​ដែលធ្វើកែទម្រង់ស៊ីជម្រៅនៅក្រសួងបរិស្ថាន លោក សាយ សំអាល់ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា តំបន់គីរីរម្យនេះ កាលពីមុនមានការប៉ះពាល់បញ្ហាដីធ្លឺបន្តិច តែថ្មីៗនេះយើងបានបញ្ចប់ ហើយការដោះស្រាយនេះ ក៏ជាគំរូសម្រាប់តំបន់ផ្សេងទៀតដែរ គឺយើងធ្វើការយ៉ាងជិត ដិតជាមួយក្រុមហ៊ុន និងបងប្អូន ដើម្បីយកមតិភាគច្រើន ក្នុងការដោះស្រាយបញ្ហា។ បន្ទាប់ពីបញ្ចប់ក្រសួងបរិស្ថានបានរៀបចំ កន្លែងនេះទៅជាតំបន់ អេកូទេសចរណ៍ ដែលធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋមានចំណូល ហើយក៏ជាចំណូលខ្ពស់ជាងគេ ក្នុងចំណោមសហគមន៍ទាំងអស់ ក្នុងប្រទេសកម្ពុជាយើងនេះ ហើយបន្ទាប់គឺតំបន់គីរីរម្យនេះ ដែលយើងមានកន្លែងកំសាន្តរីសត មានកន្លែងអាំងសាច់ ហើយចេញពីនេះទៅគឺមាននៅបូកគោ និងកែប ដែលនេះហៅថា របៀងអេកូទេសចរណ៍ ​នេះជាយុទ្ធសាស្រ្ដ ដើម្បីអភិរក្ស និងការពារព្រៃ ប្រែក្លាយពីការពឹងផ្អែកទៅលើព្រៃឈើ និងធនធានធម្មជាតិ គឺមកពឹងផ្អែកទៅលើសេវាកម្មទេសចរណ៍វិញ។

រដ្ឋមន្រ្តីការពារបរិស្ថានធម្មជាតិ នៅកម្ពុជារូបនេះបានអះអាងថា «អ្វីដែលយើងធ្វើ វាបានឆ្លុះបញ្ជាំងពីការប្រែប្រួល របស់ប្រជាជនកម្ពុជា ហើយវាក៏ឆ្លុះបញ្ជាំង ពីការប្រែប្រួលនៃជីវភាពប្រជាជន ពីមុនតំបន់ឧទ្យាននៅគីរីម្យនេះជាព្រៃជាដី ក៏ប៉ុន្ដែឥឡូវនេះជាកន្លែងកំសាន្ដ ដ៏ពេញនិយមមួយ។ ដូចថ្ងៃចុងសប្តាហ៍ហ្នឹង ពួកគាត់មកសំរាកលំហែរកាយ ចំណែកយុវជនរបស់យើង ក៏គាត់មកដើម្បីបោះតង់ ធ្វើបាប៊ីឃ្យូ ជួបជុំគ្នា ហើយនេះបានឆ្លុះបញ្ចាំងពីការប្រឹងប្រែរបស់យើង ដែលបានធ្វើឲ្យវាទៅជាតំបន់ អេកូទេសចរណ៍ដោយជោគជ័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន»

ថ្លែងពីតំបន់អេកូទេសចរណ៍ថ្មី ទីដែលរដ្ឋមន្រ្តីវ័យក្មេងរូបនោះកំពុងដើរកំសាន្តឡើងទៅលើភ្នំគីរីរម្យទាំងសម្លេងហត់ៗថា «ឥឡូវនេះបងប្អូនដែលរស់នៅក្នុងតំបន់ គឺពួកគាត់មានការងារធ្វើច្រើននៅក្នុងរីសតហ្នឹង ហើយបងប្អូនក្នុងសហគមន៍វិញ ពួកគាត់អាចចិញ្ចឹមមាន់ សម្រាប់លក់ជូនភ្ញៀវទេសចរដូចជា មាន់ដុតវិញ»។ នេះគឺជាការប្រែក្លាយពីអ្វីដែលយើងធ្លាប់មាន មកជាអ្វីដែលប្រសើរជាមុន ហើយអាចរកចំណូលបានច្រើនជាងមុន ហើយឈប់ពឹងផ្អែកទៅលើ ទិន្នផលព្រៃឈើ៕