(ព្រះសីហនុ)៖ លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ និងជាអគ្គលេខាធិការអាជ្ញាធរមីនបានថ្លែងក្រើនរំលឹកថា ស្រ្តីគ្រប់មានតួនាទីយ៉ាងសំខាន់​ក្នុងការងារ​នយោ​បាយ និងការសម្រេចចិត្តលើជោគវាសនារបស់ក្រុមគ្រួសាររបស់ខ្លួន ដូចនេះស្រ្តីត្រូវហ៊ានបញ្ចេញយោបល់ឲ្យបានច្រើន បើធ្វើការសម្រេចចិត្តខុស នោះនឹងនាំឲ្យប្រទេសជាតិកើតមានសង្រ្គាម ជាមិនខាន​។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «ការបញ្ជា្របយេនឌ័រក្នុងវិស័យសកម្មភាពមីន» នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីបានធ្វើឡើង អស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមិថុនា ឆ្នាំ២០១៦ ក្រោមការឧបត្ថម្ភថវិកាពី UNDP នៃគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៣ (CFRIII) ដោយមានការចូលរួមពីតំណាងក្រសួងកិច្ចការនារី, អង្គភាពផែនការសកម្មភាពមីន២៥រាជធានី-ខេត្ត, មន្ត្រីនៃគម្រោង CFRIII, តំណាងគម្រោង DFID និងប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិមួយចំនួន។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា «ពាក់ព័ន្ឋផ្នែកសង្គមកិច្ច ស្ត្រីអាចធ្វើការងារដូចបុរសបានគ្រប់កម្រិត ហើយស្រ្តីត្រូវមានជំនឿលើខ្លួនឯង និងឧស្សាហ៍ព្យាយាមក្នុងការងារ ដើម្បីសង្គម គ្រួសារ និងអនាគតរបស់ប្រទេសជាតិ ជាពិសេស ស្តី្រក៏មានតួនាទីយ៉ាងសំខាន់ក្នុងការងារនយោបាយ និងការសម្រេចចិត្តលើជោគ​វាសនារបស់ក្រុមគ្រួសាររបស់ខ្លួន ដូច្នេះ ស្រ្តីត្រូវ​ហ៊ានបញ្ចេញ​យោបល់ឲ្យបានច្រើន បើធ្វើការសម្រេចចិត្តខុសនាំឲ្យប្រទេសជាតិកើតសង្រ្គាម»

លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាដែល បានអនុម័តលើឯកសារច្បាប់សំខាន់ៗ ជំរុញលើកទឹកចិត្តឲ្យមានការចូលរួម និងភាពជាតំណាងស្មើភាពគ្នារវាងស្ត្រី និងបុរសនៅគ្រប់វិស័យ។

ដោយឡែក អាជ្ញាធរមីនដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល​លើវិស័យសកម្មភាពមីន បានខិតខំរៀបចំការបញ្ជ្រាបការងារ​យេនឌ័រ ដល់គ្រប់កម្រិតរហូតដល់ថ្នាក់មូលដ្ឋាន។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ គឺជាវេទិកាថ្នាក់ជាតិដ៏មានសារសំខាន់ សម្រាប់គ្រប់ភាគីពាក់ព័ន្ធការងារយេនឌ័រ ក្នុងវិស័យសកម្មភាពមីន ដើម្បីបានរាយការណ៍ និងចែករំលែកពី​សមិទ្ធផល លទ្ធផល បញ្ហាប្រឈម បទពិសោធន៍ និងចូលរួមបំផុសគំនិតថ្មីៗ ជម្រុញការអនុវត្តសកម្មភាពបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន នៅថ្នាក់មូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើរដល់គ្រូបង្គោលទាំងអស់ ត្រូវយកចំណេះដឹងដែលក្រេបជញ្ជក់បាននៅពេលនេះ ទៅប្រើប្រាស់ឲ្យមានប្រសិទ្ធិភាព នៅតាមមូលដ្ឋានរបស់ខ្លួន ហើយក្រុមការ​ងារអាជ្ញាធរមីន បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចុះជួយបំពេញបន្ថែម នូវចំណុចចខ្វះខាតនានា ប្រសិនបើមានការស្នើសុំ៕