(ភ្នំពេញ)៖ ក្រសួងកសិកម្ម នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ បានផ្ញើលិខិតមួយ ទៅកាន់និពន្ធនាយកសារព័ត៌មាន VOD ជាភាសាអង់គ្លេស ដោយប្រាប់អំពីកង្វះខាតខាងវិជ្ជាជីវៈ និងក្រមសីលធម៌របស់សារព័ត៌មាននេះ ដែលបានដកស្រង់ខ្លឹមសារមិនបានត្រឹមត្រូវ និងប្រាសចាកពីអត្ថន័យដើមនៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ទាក់ទងនឹងដំណោះស្រាយលើបញ្ហាស្រូវ កាលពីពេលថ្មីៗនេះ។

តាមលិខិតក្រសួងកសិកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, ក្រសួងបានកត់សម្គាល់ឃើញថា សារព័ត៌មាន VOD ជាភាសាអង់គ្លេស បានចុះផ្សាយអត្ថបទដែលដកស្រង់ខ្លឹមសារមិនបានត្រឹមត្រូវ រហូតដល់៤ អត្ថបទ ចាប់តាំងពីថ្ងៃទី១៧ ខែវិច្ឆិកាមក។

«គ្មានពាក្យពេចន៍ ឬខ្លឹមសារណាមួយនៅក្នុងសេចក្តីប្រកាសព័ត៌មាន ចុះផ្សាយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគំរាមកំហែង ឬព្រមាន ឬហាមប្រាមប្រជាកសិករមិនឱ្យរិះគន់រដ្ឋាភិបាលនោះឡើ»។ តាមការពិត ក្រសួងបានធ្វើការអំពាវនាវដល់បងប្អូននៅក្នុងបណ្តាញសង្គមឱ្យបញ្ឈប់នូវការបង្ហោះព័ត៌មានមិនពិតដែលថា ក្រសួងមិនអើពើជួយដោះស្រាយ ព្រោះថា ការបង្ហោះព័ត៌មានបែបនេះនឹងបង្កការភ័យបារម្ភដល់ប្រជាកសិករដែលមិនទាន់ដល់ពេលប្រមូលផល ឱ្យប្រញាប់ ច្រូតស្រូវមិនទាន់គ្រប់គុណភាពដើម្បីលក់ ដែលធ្វើឱ្យថ្លៃស្រូវកាន់តែធ្លាក់ចុះថែមទៀត»។ នេះបើតាម លិខិតក្រសួងកសិកម្ម ផ្ញើទៅកាន់និពន្ធនាយក VOD។

ក្រសួងនេះបានបន្តថា ដោយឡែក ចំពោះករណីនៅស្រុកស្វាយចេក មន្រ្តីរាជការរូបនោះគ្រាន់តែត្រូវបានអាជ្ញាធរមូលដ្ឋានអញ្ជើញមកផ្តល់ការពន្យល់ពីមូលហេតុនៃការជេរប្រមាថរបស់គាត់ ទៅលើអភិបាលស្រុកស្វាយចេកដែលជាថ្នាក់ដឹកនាំគាត់ប៉ុណ្ណោះ។ តាមច្បាប់ ការជេរប្រមាថចំពោះអ្នករាជការសាធារណៈ គឺជាបទល្មើសដែលត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ថែមទៀតផង។ ប៉ុន្តែជាក់ស្តែង មន្រ្តីរូបនោះមិនត្រូវបានឃុំខ្លួន ឬចាប់ខ្លួន ដូចសេចក្តីរាយការណ៍មិនពិតរបស់សារព័ត៌មាន VOD នោះទេ ហើយក្រោយពីបានបកស្រាយបំភ្លឺ និងសុំទោសជាសាធារណៈចំពោះការជេរប្រមាថនេះ គាត់បានត្រឡប់ទៅផ្ទះ និងចូលបម្រើការងារជាធម្មតាវិញ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះកង្វះវិជ្ជាជីវៈ និងក្រមសីលធម៌ របស់អ្នកយកព័ត៌មានខ្មែរនៃសារព័ត៌មាន VOD ដែលគួរណាស់តែអាចយល់បានយ៉ាងច្បាស់ និងដកស្រង់បានត្រឹមត្រូវនូវខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានជាភាសាខ្មែររបស់ក្រសួង ដែលប្រើប្រាស់ពាក្យពេចន៍យ៉ាងសាមញ្ញបំផុត។ ទន្ទឹមនេះ អ្នកសារព័ត៌មាន VOD ដែលអះអាងថា ជាអ្នកសារព័ត៌មានអាជីព និងគោរពក្រមសីលធម៌វិជ្ជាជីវៈ គួរណាស់តែបានផ្ទៀងផ្ទាត់ការពិតឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយជាមុនសិន មុនពេលចេញផ្សាយអត្ថបទជាសាធារណៈ ដើម្បីធានាបាននូវសុក្រឹតភាពនៃសេចក្ដីរាយការណ៍ទាំងអស់របស់ខ្លួន។ ជាងនេះទៀត ការណ៍ដែលការីនិពន្ធ និងនិពន្ធនាយករបស់ VOD ខកខានមិនបានត្រួតពិនិត្យនូវសេចក្តីរាយការណ៍មិនត្រឹមត្រូវ និងប្រាសចាកការពិតរបស់អ្នកសារព័ត៌មានខ្លួន ឆ្លុះបញ្ចាំងឱ្យឃើញនូវកង្វះវិជ្ជាជីវៈ ឬភាពលម្អៀងផ្នែកនយោបាយ ឬការបង្កប់ចេតនាបង្ខូចកេរ្តិ៍ឈ្មោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងក្រសែភ្នែកសាធារណមតិដែលទទួលបានព័ត៌មានពីការផ្សាយជាភាសាអង់គ្លេសរបស់ VOD។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ខ្លួនតែងផ្តល់តម្លៃដល់សេរីភាពសារព័ត៌មាន និងសិទ្ធិក្នុងការបញ្ចេញមតិ។ ក្រសួងរំពឹងចង់បានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ និងបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ ព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយសម្រាប់ជាប្រយោជន៍ដល់សាធារណមតិ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ ផ្ទុយទៅវិញ ការផ្សព្វផ្សាយព័ត៌មានមិនពិត មិនត្រឹមត្រូវ និងមិនមានការផ្ទៀងផ្ទាត់ មិនមែនជាសេរីភាព សារព័ត៌មានទេ។

«ការផ្សព្វផ្សាយបែបនេះ គឺជាការបំពានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងរំលោភច្បាប់សារព័ត៌មាន ហើយថែមទាំងបំផ្លាញកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួង ក៏ដូចជាទំនុកចិត្តរបស់សាធារណមតិ ចំពោះសារព័ត៌មាននោះទៀតផង។ សារព័ត៌មាន VOD ជាភាសាអង់គ្លេស គួរតែដកចេញនូវអត្ថបទព័ត៌មានទាំងបួនខាងលើ និងបញ្ឈប់ការរាយការណ៍មិនត្រឹមត្រូវ ដើម្បីបង្ហាញពីការទទួលខុសត្រូវ និងវិជ្ជាជីវៈសារព័ត៌មាន របស់ខ្លួន»។ នេះជាការបញ្ជាក់បន្ថែមទៀតនៅចុងលិខិតក្រសួងកសិកម្ម៕