(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារទ្វេរភាគីជាមួយ លោក Chadchart Sittipunt អភិបាលក្រុង​បាងកក ប្រទេសថៃ នៅសណ្ឋាគារសុខាភ្នំពេញ។ ជំនួបពិភាក្សការងារទ្វេរភាគីនេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ឆ្នាំ២០២២។

គួរជម្រាបថា លោក Chadchart Sittipunt អភិបាលក្រុង​បាងកក ប្រទេសថៃ បានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន និងវេទិការកិច្ចប្រជុំអភិបាលក្រុងអាស៊ាន ដែលរដ្ឋបាលរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន គឺជាវេទិកាមួយសម្រាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ ដើម្បីលើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ន និងដែលអាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវត្តល្អៗ ក៏ដូចជាទស្សនៈល្អៗសម្រាប់ការកសាងសហគមន៍អាស៊ាន។

កិច្ចប្រជុំនេះត្រូវបានខកខានមិនបានរៀបចំរយៈពេល២ឆ្នាំជាប់គ្នា គឺគ្រាន់តែចេញសេចក្តីថ្លែងការណ៍ពីចំងាយ ដោយសារមូលហេតុ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ នៅឆ្នាំ២០២២នេះ កម្ពុជា គឺជាប្រធានប្តូរវេនរបស់អាស៊ាន ដោយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នករៀបចំកិច្ចប្រជុំនេះដោយផ្ទាល់ឡើងវិញ នាថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០២២នេះ៕