(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការរៀបចំសិក្ខាសាលាស្តីពី «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ» (ហៅកាត់ថា ច្បាប់ PF) ក្រោមអធិបតីភាពរបស់ លោក លុយ ដាវីត រដ្ឋលេខាធិការ នៃកបទ.សអ ដោយមានការចូលរួមពីវាគ្មិនពី កបទ.សអ ក្រសួងមហាផ្ទៃ និងអង្គភាពស៉ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជាសរុបចំនួន ១៤០នាក់។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន គឺបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងដើម្បីធានាថា អង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជាទាំងអស់ បានយល់ដឹងបន្ថែមកាន់តែស៉ីជម្រៅ និងអាចអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាបុគ្គលរាយការណ៍ឱ្យបានខ្ជាប់ខ្ជួន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ ដើម្បីអនុវត្តវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

វាគ្មិនបានធ្វើបទបង្ហាញអំពីច្បាប់ អនុក្រឹត្យ នីតិវិធីអនុវត្ត និងឯកសារគតិយុត្តពាក់ព័ន្ធ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ចាប់ពីពេលដែលច្បាប់ PF ត្រូវបានអនុម័តនៅខែមិថុនា ឆ្នាំ២០២០ កន្លងមក។ សិក្ខាសាលានារសៀលនេះបានប្រព្រឹត្តទៅជាភាសាខ្មែរ និងអង់គ្លេស ដោយបានផ្តល់ឱកាសជាច្រើនដល់សិក្ខាកាមដែលមានទាំងជនជាតិខ្មែរ និងបរទេសអាចធ្វើការពិភាក្សាដេញដោលយ៉ាងផុលផុស អំពីការអនុវត្ដច្បាប់ PF និងបទបញ្ញត្តិពាក់ព័ន្ធ ព្រមទាំងអំពីនីតិវិធីនៃការបញ្ជូនដោយមិនបង្អង់នូវសេចក្តីសម្រេចចិត្ត ឬបញ្ជីបច្ចុប្បន្នភាពឈ្មោះបុគ្គល ឬអង្គភាពក្នុងបញ្ជីរួម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬរបស់គណៈកម្មាធិការនៃក្រុមប្រឹក្សានេះ ដែលរៀបចំឡើងដោយកបទ.សអ។

តាមរយៈបទបង្ហាញរបស់វាគ្មិន និងការពិភាក្សាពិគ្រោះយោបល់គ្នានៅក្នុងសិក្ខាសាលានេះបានធ្វើឱ្យសិក្ខាកាមទាំងអស់បានស្វែងយល់បន្ថែមទៀត អំពីបទបញ្ញត្តិ និងនីតិវិធីនានានៃការអនុវត្តច្បាប់ PF ដែលអាចលើកកំពស់ការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព ព្រមទាំងរួមចំណែកក្នុងការសម្រេចបាននូវសន្តិសុខ និងសន្តិភាពនៅក្នុងតំបន់ និងពិភពលោក៕