(កណ្តាល)៖ បុរសប្រមឹកឃោឃៅម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីបានបង្កអំពើហិង្សាវាយប្រព័ន្ធកូន ដោយសារស្រវឹងស្រាជោគជាំ។ ហេតុការណ៍នេះ កើតហេតុនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ មានឈ្មោះ ថេង សាវ៉នត្រូវជាប្រពន្ធ អាយុ៣៨ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ រងរបួសហើមថ្ពាល់ខាងស្តាំ និងមានស្នាមឆ្អាលើច្រមុះ និងកូនប្រុសឈ្មោះ បេង សំណាង អាយុ៨ឆ្នាំ រងរបួសស្នាមឆ្អាលើថ្ពាល់ខាងស្តាំ។ ចំណែកឯ ជនល្មើសត្រូវជាប្តី មានឈ្មោះ បឿន បេង  អាយុ៣៦ឆ្នាំ។

សមត្ថកិច្ចបានបន្ថែមថា «កន្លងមកជនល្មើសធ្លាប់ប្រើហិង្សាលើជនរងគ្រោះជាច្រើនលើកមមកហើយ និងត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួនបញ្ជូនទៅតុលាការ ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ មកហើយ។

​ក្រោយពេលចេញពីពន្ធនាគារវិញ ជនល្មើសបានមកសុំរស់នៅជាមួយជនរងគ្រោះជាប្រពន្ធវិញ តែដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ជនល្មើសបានទៅផឹកស្រា នៅផ្ទះឈ្មោះ ហេង សៀងហៃ ដែលនៅជាប់ផ្ទះជនរងគ្រោះ លុះដល់ល្ងាច ជនល្មើសបានត្រឡប់មកផ្ទះវិញ មានសភាពស្រវឹងជោគជាំ ហើយក៏ចូលដេកលើគ្រែក្នុងផ្ទះ រហូតដល់យប់ថ្ងៃដដែល ជនល្មើសក៏ក្រោកពីដេកវិញ ឃើញកូនប្រុសឈ្មោះ បេង សំណាង កំពុងយំ ជនល្មើសក៏ស្រែកសួរសំឡុតខ្លាំងៗ ពេលនោះកូនប្រុសភ័យខ្លាចក៏រត់ទៅផ្ទះជីតាឈ្មោះ សាន់ ថេង តែជនល្មើសបានរត់ទៅតាមយកមកផ្ទះវិញ ពេលមកដល់ជនល្មើសបានវាយកូនប្រុស ហើយចាប់បោកទៅលើគ្រែ និងច្របាច់ក ឃើញដូចនោះ ជនរងគ្រោះដែលជាប្រព័ន្ធបានចូលទៅឃាត់ ស្រាប់តែត្រូវជនល្មើសវាយទាត់ធាក់ បណ្តាលឲ្យមានរបួសស្នាមតែម្ដង»។

ដោយទ្រាំនឹងទង្វើបែបនេះមិនបាន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក។ បច្ចុប្បន្ន នគរបាលប៉ុស្តិ៍ពុកឫស្សី សហការជាមួយ​ផ្នែកយុត្តិធម៌ បានធ្វើបានឃាត់ខ្លួនជនល្មើស និងបញ្ជូនទៅតុលាការ  ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕