(ត្បូងឃ្មុំ)៖ ក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ» ដើម្បីចូលរួមចំណែកពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់ ក្នុងក្របខ័ណ្ឌខេត្តត្បូងឃ្មុំ រយៈពេល២ថ្ងៃ។

សិក្ខាសាលានេះ បានធ្វើឡើងក្រោមវត្តមានលោក ចាយ សាមិត្ត រដ្ឋលេខាធិកាក្រសួងបរិស្ថាន លោក ហេង ណារ៉េត អនុរដ្ឋលេខាធិកាក្រសួងបរិស្ថាន និងលោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ លោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ វាគ្មិនប្រតិភូក្រសួង វាគ្មិនតំណាងមេធាវីស្កាយ មេធាវីវិស្ណុ មន្រ្តី-មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត តំណាងសាលាដំបូងខេត្ត អាយ្យការអមសាលាដំបូងខេត្ត កងកម្លាំងទាំង ៣ប្រភេទ មន្ទីរ-អង្គភាព ជំនាញ ជុំវិញខេត្ត អាជ្ញាធរ ក្រុង/ស្រុក អាជ្ញាធរឃុំ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

នាឱកាសនោះដែរ លោកអភិបាលរងខេត្ត បានថ្លែងថា ក្រសួងបរិស្ថាន ដោយមានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ជាសេនាធិការ បានរៀបចំអោយមានសិក្ខាសាលានេះឡើង គឺដើម្បីផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិ ជាពិសេសបានផ្ដល់ការយល់ដឹងកាន់តែច្បាស់ថែមទៀតដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើបទដ្ឋានគតិយុត្តនានា ក្នុងវិស័យបរិស្ថាន។

លោកបានបន្តថា បច្ចុប្បន្ននេះ ខេត្តត្បូងឃ្មុំ មានតំបន់ការពារធម្មជាតិ ចំនួន២ រួមមានទី១៖ តំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក ស្ថិតក្នុងភូមិសាស្រ្ត ឃុំត្រពំាងផ្លុង និងឃុំក្រែក ស្រុកពញាក្រែក មានផ្ទៃដីទំហំ១៩៩ហិកតា និង២៖ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកាដេរ ស្ថិតក្នុងភូមិសាស្រ្ត ឃុំជំនីក ឃុំរការខ្នុរ ឃុំឈូក ស្រុកក្រូចឆ្មារ និងឃុំសេដា ស្រុកតំបែរ មានផ្ទៃដីទំហំ១៦៤៣ហិកតា ផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត បាននឹងកំពុងសិក្សាដាក់ជាតំបន់ការពារធម្មជាតិ ចំនួន២ទៀតរួមមានទី១៖ តំបន់ព្រៃលិចទឹកមាត់ឃ្មង់ សិ្ថតក្នុងស្រុកត្បូងឃ្មុំ និង២៖ តំបន់ បឹងក្រពិត ស្ថិក្នុងស្រុកអូររាំងឪ។

ក្នុងនោះដែរ ការគាំពារបរិស្ថាន នៅតាមបណ្ដាក្រុង/ស្រុក ក៏មានក្រុមហ៊ុនប្រមូលសំរាម ចំនួន ៣ កំពុងផ្ដល់សេវាប្រមូលសំរាម មានដូចជាទី១៖ ក្រុមហ៊ុន ពន់ ជេស្ឋ ផ្ដល់សេវាប្រមូលសំរាម នៅស្រុក អូររាំងឪ និងស្រុកត្បូងឃ្មុំ, ទី២៖ ក្រុមហ៊ុន ប៉ិច គឹមស៊ា ផ្ដល់សេវាប្រមូលសំរាម នៅស្រុកពញាក្រែក និងស្រុកមេមត់ និង៣៖ ក្រុមហ៊ុនស៊ីនទ្រី ផ្ដល់សេវាប្រមូលសំរាម នៅក្រុងសួង និងស្រុកតំបែរ ផងដែរ។

ថ្លែងនាឱកាសនោះលោក ចាយ សាមិត្ត បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ នេះ បានរៀបចំឡើងក្រោមការផ្តួចផ្តើមរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសមត្ថភាព របស់មន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ នៅក្នុងការបង្រ្កាបបទល្មើសពាក់ព័ន្ធ នឹងធនធានធម្មជាតិ នៅក្នុងតំបន់ការពារធនធានធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងការកសាងសំណុំរឿងបញ្ជូនមកតុលាការ ចាត់ការតាមនិតិវិធីច្បាប់ជាធរមាន ដើម្បីការពារទ្រព្យសម្បត្តិរដ្ឋ និងអភិរក្សធានធម្មជាតិ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងទៀតថា សិក្ខាសាលានេះ មានគោលបំណង គោលដៅ និងផ្តោតលើការគាំទ្រ ដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា។

តាមរយៈសិក្ខាសាលាមានរយៈពេល ២ថ្ងៃ កន្លងមកនេះ គឺបានផ្តល់ចំណេះដឹងជាធាតុចូលបន្ថែមជូនដល់សិក្ខាកាមទាំងអស់ អំពីសារៈសំខាន់នៃច្បាប់ពាក់ព័ន្ធ និងវិស័យបរិស្ថាន ដើម្បីពង្រឹងឱ្យកាន់តែប្រសើរថែមទៀត នូវការយល់ដឹងកាន់តែទូលំទូលាយអំពីច្បាប់ដែលអនុវត្តចំពោះតំបន់ការពារធម្មជាតិ ដែលជាប្រភពនៃសិទ្ធិ កាតព្វកិច្ច និងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការសហការការពារទ្រព្យសម្បត្តិរដ្ឋ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ការពារធនធានធម្មជាតិ នៅកម្ពុជា៕