(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នាចូលរួមរក្សាសន្តិភាព និងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យប្រទេសជាតិបន្តរីកចម្រើនលើគ្រប់វិស័យ។

ការអំពាវនាវបែបនេះរបស់លោកស្រី ឃួន ឃុនឌី បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជិត១,០០០នាក់ នៅក្នុងបរិវេណស្តាតថ្មី ភូមិត្រពាំងឫស្សី ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។

នាឱកាសនោះដែរ លោកស្រី បានថ្លែងថា ថ្ងៃ ២ធ្នូ ឆ្នាំ២០២២នេះ គឺជាខួប៤៤ឆ្នាំ (២ធ្នូ ១៩៧៨-២ធ្នូ ២០២២) នៃថ្ងៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា «ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុមបានប្រមូលផ្តុំគ្នានៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិ សិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ ប៉ុល ពត។

លោកស្រីបន្តថា ​រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូលទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើរូបទៀតជាប្រមុខដឹកនាំ។ ផ្តើមចេញពីចលនាតស៊ូ និងការធ្វើពលីកម្មសព្វយ៉ាងបានធ្វើប្រជាពលរដ្ឋបានរួចផុតពីទុក្ខវេទនា រួចពីការកាប់សម្លាប់ វិលមកមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅប្រកបរបរចេញចិញ្ចឹមជីវិតហើយជីវភាពត្រូវបានលើកកម្ពស់ជាលំដាប់ពីមួយទៅមួយឆ្នាំ ក្រោមដំបូលនៃសុខសន្តិភាព ដែលរកបានមកដោយលំបាកមួយនេះ។

បន្ថែមពីនេះ លោកស្រី ឃួន ឃុនឌី បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលនិងការលំបាកយ៉ាងច្រើនឥតគណនានោះធ្វើឲ្យប្រទេសជាតិសម្រេចបានសមិទ្ធផលធំៗ និងសំខាន់ៗ ជាប្រវត្តិសាស្រ្ត និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ាសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលចារឹកជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លេច។

លោកស្រីបានបញ្ជាក់ថា ផ្អែកលើមូលដ្ឋាននេះដែលធ្វើឱ្យប្រជាជនកម្ពុជានៅយល់ដឹងយ៉ាងច្បាស់ថារណសិរ្ស ២​ ធ្នូ ជាបុព្វការីដ៏មានមហាគុណូបការៈចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជាបច្ចុប្បន្នប្រជាជនកម្ពុជារស់នៅយ៉ាងសុខដុមរមនាក្នុងសន្ដិភាពសេរីភាព និងសន្តិសុខដ៏ប្រសើរ ហើយកំពុងតែរួមសាមគ្គីគ្នាឈានទៅមុខ លើមាគ៌ា នៃការអភិវឌ្ឍ ដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធផលទាំងឡាយ ដែលសម្រេចបាន ពិសេសបានពង្រឹងនូវមូលដ្ឋានគ្រឹះ សម្រាប់បន្តការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីករបស់ប្រជាជន៕