(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធាក្រុមការងារបច្ចេកទេស បានគូសបញ្ជាក់ថា «យើងទាំងអស់គ្នា សូមឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធយុទ្ធជនពលីទាំង៤៩រូប និងសូមចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លា និងវីរភាពដ៏អង់អាចក្លាហាន ដែលបានយកអាយុជីវិតធ្វើដើមទុន ក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត»

ការបង្ហាញពីការចងចាំមិនអាចបំភ្លេចបានរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើឡើងក្នុងឱកាសរៀបចំពិធីឈាបនកិច្ចអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា៤៩រូប ដែលបាននាំយកពីវៀតណាម នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំវៀតណាម ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា គណៈកម្មការអន្តរក្រសួង បានរៀបចំពិធីឈាបនកិច្ចអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា៤៩រូប ស្របពេលដែលប្រជាពលរដ្ឋទូទាំងប្រទេស ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា «២ ធ្នូ ១៩៧៨-២ ធ្នូ ២០២២» ក្នុងស្មារតីចងចាំជានិច្ចចំពោះគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលីកម្មសាច់ឈាម និងអាយុជីវិតរបស់ខ្លួនប្រកបដោយវីរភាពក្នុងការប្រយុទ្ធវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរាំងស្កាត់មិនឱ្យរបបដ៏អប្រិយ៍នេះវិលត្រឡប់មកជាថ្មីវិញបានឡើយ។

នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធយុទ្ធជនពលីទាំង៤៩រូប និងសូមចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លា និងវីរភាពដ៏អង់អាចក្លាហាន ដែលបានយកអាយុជីវិតធ្វើដើមទុន ក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ យើងទាំងអស់គ្នានៅតែចងចាំថា បើគ្មានកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដឹកដោយសម្តេចអគ្គមហាទាំង៣ ប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ពុំមានថ្ងៃនេះដែរ»

ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ សៅ សុខា បានក៏បានថ្លែងអំណរគុណឧត្តមសេនីយ៍ឯកបម្រុង វ៉ មិញ លឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងអនុព័ន្ធយោធាប្រចាំកម្ពុជា ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីឈានបនកិច្ច នាពេលនេះ ព្រមទាំងសូមអរគុណចំពោះនាយទាហាន ពលទាហាន និងស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធប្រទេសវៀតណាម ដែលបានជួយសម្រួលការងារគ្រប់ផ្នែក តាំងពីថ្ងៃដំបូង រហូតមកដល់ពេលនេះ ក្នុងការរៀបចំលើកដាក់ដង្ហែអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា និវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា មាតុភូមិកំណើតវិញ។ សកម្មភាពទាំងអស់នេះ បានបង្ហាញពីស្មារតីចំណងសាមគ្គីភាព មិត្តភាព អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ គ្រប់កាលៈទេសៈ។

«យើងខ្ញុំសូមថ្លែងអំណរគុណចំពោះគណៈកម្មការអន្តរក្រសួង ក្រសួង ស្ថាប័ន កងឯកភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងសមាជិកក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ លះបង់កម្លាំងកាយចិត្ត ចូលរួមបំពេញបេសកកម្មជាប្រវត្តិសាស្រ្តនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះគ្រប់ភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន ក្នុងកិច្ចដំណើរការមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ចំនួន៤៩រូប ពីប្រទេសវៀតណាម មកកាន់កម្ពុជា»។ នេះជាការលើកឡើងបន្ថែមរបស់នាយឧត្តមសេនីយ៍ សៅ សុខា។

នាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា ជាក់ស្តែង ចាប់តាំងពីបង្កើតគណៈកម្មការអន្តរក្រសួង ក្រោមការដឹកនាំសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រហូតមកដល់ថ្ងៃនេះ គណៈកម្មការអន្តរក្រសួងបានដំណើរការការងារគ្រប់ផ្នែកដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា ទៅតាមគន្លងប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនា និងពិធីការយោធា។

សូមជម្រាបថា អដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ដែលត្រូវបាននាំយកពីវៀតណាម នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រូវបានរាជរដ្ឋាភិបាលរៀបចំពិធីបូជាតាមប្រពៃណីសាសនា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

អដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ដែលត្រូវបានបូជារួច ត្រូវបានតម្កល់នៅក្នុងអគារមិត្តភាពជាបណ្តោះអាសន្នរង់ចាំពិធីឆ្លងមហាចេតិយរួច នឹងធ្វើពិធីរំកិលកោដិយុទ្ធជនទាំង៤៩រូបនោះ ទៅតម្កល់ទុកក្នុងមហាចេតិយទៅតាមការគ្រោងទុក។

សូមបញ្ជាក់ថា អដ្ឋិធាតុយុទ្ធជនកម្ពុជាទាំងនោះត្រូវបានរក្សាទុកនៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ស្ថិតនៅភូមិសួសរ៉ាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ (ដូនណៃ) ប្រទេសវៀតណាម។ ខេត្តដុងណាយនេះ គឺជាប់ខាងកើតទីក្រុងហូជីមិញ (ព្រៃនគរ)។ គេហៅពិធីនេះថា «ពិធីបើកផ្នូរយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា» ដែលបានធ្វើឡើងព្រឹកថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២២៕