(កំពត)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន បានចំណែកថវិកា សរុបប្រមាណ៤៣៤,៨៩០ដុល្លាសហរដ្ឋអាមេរិក ធ្វើផ្លូវបេតុង ប្រវែង១,៦៥០ ម៉ែត្រ, ផ្លូវក្រាលគ្រោះក្រហម ប្រវែង ១,៣២០ ម៉ែត្រ និងប្រឡាយទឹក ប្រវែង ៧,៥០០ ម៉ែត្រ នៅឃុំ នៅឃុំស្ដេចគង់ខាងលិច និងឃុំទូកមាសខាងលិច នៃស្រុកបន្ទាយមាស។

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំពីធីសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ ស្ថិតក្នុងភូមិ ព្រៃតាព្រិក ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដោយចូលរួមជាអធិបតីពី លោក ឡុង វាន់ចាន់ អភិបាលរងស្រុក តំណាងលោកអភិបាលស្រុកបន្ទាយមាស និងលោក ហ្គ្រែម ប្រាយ Graeme Bride ប្រធានរោងចក្រផលិតស៊ីម៉ង់ត៍ទូកមាស នៃក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរពាក់ព័ន្ធ និងបុគ្គលិកក្រុមហ៊ុន ប្រជាពលរដ្ឋប្រមាណ ៣០០នាក់។

នាឱកាសនោះ លោក ហ្គ្រែម ប្រាយ បានថ្លែងថា សមិទ្ធផលដែលបានដាក់សម្ពោធនៅក្នុងពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំង ពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ក៏ដូចជាកិច្ចសហការដ៏ល្អ រវាងក្រុមហ៊ុន ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ទើបបណ្ដាលឲ្យសមិទ្ធផលទាំងនេះ បានកើតឡើងនៅចំពោះមុខយើងទាំងអស់គ្នា ដើម្បីប្រើប្រាស់បានជាប្រយោជន៍ជាស្ថាធារណៈ សម្រាប់សាធារណៈជនទូទៅ។

លោកបានបន្ថែមថា ក្រុមហ៊ុនជីបម៉ង់បង្កើតឡើងជាមួយនិងផ្នត់គំនិត និងចក្ខុវិស័យច្បាស់លាស់ ក្នុងការចូលរួមចំណែក បម្រើផលប្រយោជន៍សហគមន៍មូលដ្ឋាន និងសង្គមជាតិទាំងមូល។ ក្នុងនោះផែនការធំៗ ចំនួន២ ត្រូវបានដាក់ចេញ រួមមាន៖
*ទី១- រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ក្បែររោងចក្រ ស្របតាមគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព។
*ទី២- ចូលរួម និងលើកទឹកចិត្តដល់បុគ្គលិកក្រុមហ៊ុនឲ្យចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍។

លោក ឡុង វាន់ចាន់ បានកោតសរសើរក្រុមហ៊ុន ជីប ម៉ុង អ៊ីនស៊ី ដែលបានរួមចំណែកជាបន្តបន្ទាប់ ក្នុងការអភិវឌ្ឍន៍សហគមន៍ នៅតំបន់ជុំវិញរោងចក្រ ក៏ដូចជានៅតាមបណ្ដាស្រុកនានា ក្នុងខេត្តកំពត។
ដោយឡែកនៅក្នុងស្រុកបន្ទាយមាស គឺក្រុមហ៊ុន បានជួយអភិវឌ្ឍជាច្រើន មានដូចជា វិស័យអប់រំ, សុខភាព, កសិកម្ម, សុវត្ថិភាពចរាចរណ៍ផ្លូវគោក, ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងវិស័យពុទ្ធសាសនាជាដើម។
ការវិនិយោគរបស់ CMIC នៅក្នុងទីតាំងនេះ ប្រជាជននៅទីនេះ បានស្វាគមន៍ និងសប្បាយរីករាយ ដោយសារពួកគេអាចមើលឃើញសមិទ្ធផលជាច្រើន ដែលក្រុមហ៊ុនជីបម៉ុង បានកសាងសម្រាប់សហគមន៍។

លោកអភិបាលរងស្រុក បានលើកបញ្ជាក់ទៀតថា ការបើករោងចក្រផលិតស៊ីម៉ងត៍ដ៏ធំ របស់ក្រុមហ៊ុន ជីប ម៉ុង មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិព្រៃតាព្រិត ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត មានចំងាយប្រមាណ ១២៥ គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ ក្នុងពេលនេះ ស្របដែលកំណើនការសាងសង់សំណង់ផ្សេងៗ មានការរីកដុះដាលដូចផ្សិតទូទាំងប្រទេសកម្ពុជា។
តាមរយៈការបង្កើតរោងចក្រនេះ ក៏ជាការផ្ដល់ការងារមួយចំនួន ដល់ពលរដ្ឋកម្ពុជា ប្រមាណជាង ៤០០ នាក់ផងដែរ។ ជាពិសេស អ្នកដែលនៅខេត្តកំពតនេះតែម្ដង។ កម្ពុជាក៏ត្រូវការផលិតស៊ីម៉ងត៍ ដើម្បីធ្វើការនាំចេញផងដែរ ដូច្នេះកម្ពុជាត្រូវបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងវិស័យឧស្សាហកម្មមួយនេះ។ ហើយនៅថ្ងៃទី៨ ខែកុម្ចៈ ឆ្នាំ២០១៨ កន្លងមកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee-CMIC)។

ចាប់ពីឆ្នាំ ២០១៩ មកដល់បច្ចុប្បន្ន គឺក្រុមហ៊ុន ជីប ម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន បានចូលរួមយ៉ាងសកម្មអភិវឌ្ឍន៍សហគមន៍ ក្នុងស្រុកមន្ទាយមាស ឲ្យមានការរីកចម្រើននូវសមិទ្ធផលនានា របស់ក្រុមហ៊ុន ដូចជាការស្ថាបនាផ្លូវបេតុង ផ្លូវក្រាលគ្រោះក្រហម និងប្រឡាយទឹក ដែលដាក់សម្ពោធឲ្យប្រើប្រាស់ នាពេលនេះ និងការចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ អស់ថវិកាចំនួន ១៦,០០០ ដុល្លារជាដើម៕