(ភ្នំពេញ)៖ «កម្មវិធីសន្ទនាជាមួយបុរស» ជាកិច្ចសន្ទនាពិភាក្សារវាងលោក​ សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិជាតិជំនួយសង្គម (NSAF) និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយសិល្បការិនី សិល្បករ នឹងចាក់បញ្ចាំងជាផ្លូវការ នៅម៉ោង៧យប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ដោយមានរយៈពេល ៣៣នាទី តាមរយ: (https://www.youtube.com/watch?v=1A-TvlLszAQ)។

សន្ទនាជាមួយបុរស ជាកម្មវិធីផលិតនូវសារ មាតិការ និងកិច្ចពិភាក្សាជាសម្លេង និងវីឌីអូ (Podcast) នៃការសន្ទនារវាងលោក សំហេង បុរស ជាមួយមនុស្សមកពីគ្រប់មជ្ឈដ្ឋាន ជាភាសាខ្មែរដែលមានអក្សរខាងក្រោម ជាភាសាអង់គ្លេស។

កិច្ចពិភាក្សាទាំងនេះ ជំរុញឱ្យមានការរៀនសូត្រ ការស្រាវជ្រាវ ការបង្កើតថ្មី និងការធ្វើសកម្មភាពដើម្បីការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវិតរបស់ បុរសផ្ទាល់ព្រមទាំងភ្ញៀវដែលគាត់បានពិភាក្សាវិភាគវែកញែកជាមួយ ព្រមទាំងទស្សនិកជន និងអ្នកស្តាប់ផងដែរ។ លោក សំហេង បុរស នឹងចែករំលែក និងរៀនពីបទពិសោធន៍របស់គ្នាទៅវិញទៅមក។

ប្រធានបទដែលត្រូវបានពិភាក្សា អាចទាក់ទងនឹងយុវជនកម្ពុជា សិល្បៈ ការច្នៃប្រឌិត កិច្ចការសង្គម គាំពារសង្គម ប្រព័ន្ធជំនួយសង្គមកម្ពុជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (S.T.E.A.M) ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងអាជីព និងអ្វីផ្សេងទៀតដែរគួរឱ្យចាប់អារម្មណ៍និងមានប្រយោជន៍។

គួរបញ្ជាក់ថា ក្នុងការដាក់បញ្ចាំង «កម្មវិធីសន្ទនាជាមួយបុរស» រួមមាន៖

១៖ វីឌីអូទីមួយ ដែលបង្ហាញអំពី លោក សំហេង បុរស ធ្វើការសន្ទនា និង ពិភាក្សាជាមួយ សិល្បករ សេម រ៉កឃឺ (Sam Rocker) ដែលជាអ្នកនិពន្ធនិងសិល្បករចម្រៀងកម្ពុជាម្នាក់ដែលបានចាប់ផ្តើមអាជីពសិល្ប:របស់គាត់តាំងពីឆ្នាំ ២០១២មក។ វីឌីអូទីមួយ នេះមានចំណងជើងថា «ដំណើរស្វែងរកភាពជាខ្លួនឯង»

២៖ វីឌីអូទីពីរ លោក សំហេង បុរស សន្ទនាជាមួយ សិល្បករ ម៉ុក សំបូរ, តារាចម្រៀង វិចិត្រករ អ្នករចនាឆាកភាពយន្ត ស្ថាបនិក FrameArts ដែលមានចំណងជើងថា «ចំណង់ចំណូលចិត្ត និងឱកាស»

៣៖ វិឌីអូទីបី លោក សំហេង បុរស សន្ទនាជាមួយ សិល្បការិនី នាក់ សុផល សិល្បការិនីថតរូប ដែលមានចំណងជើងថា “សិល្ប:និងការអប់រំ”

៤៖ វិឌីអូទីបួន លោក សំហេង បុរស សន្ទនាជាមួយ អ្នកអង្គម្ខាស់ នរោតម្ត រ៉េតវិរ:បុត្រ សិល្បករសហសម័យ ដែលមានចំណងជើងថា «មនុស្សនិងសិល្ប:»

៥៖ វិឌីអូទីប្រាំ លោក សំហេង បុរស សន្ទនាជាមួយ កញ្ញា អ៉ែម បញ្ញាទេព និសិ្សត អ្នកនិពន្ធ និងពិធីការិនី ដែលមានចំណងជើងថា «ការនិពន្ធជីវិត»

បន្ទាប់ពីបញ្ចប់កិច្ចសន្ទនា ពិភាក្សាលើកនេះ ក៏នឹងមានការសន្ទនា និងពិភាក្សា រវាងលោក សំហេង បុរស ជាមួយសិល្បការិនី សិល្បករ ក្នុងកម្មវិធីទូតសុឆន្ទ:យុវជនច្នៃប្រឌិតផ្សេងៗទៀត ដែលនឹងត្រូវបានផ្សព្វផ្សាយនៅសប្តាហ៍បន្តបន្ទាប់ នៅលើទំព័រFacebook, YouTube និង សេវាស្តាប់ Podcast ទាំងឡាយ៕