(ត្បូងឃ្មុំ)៖ អដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ដែលត្រូវបាននាំយកពីវៀតណាម នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រូវបានរាជរដ្ឋាភិបាលរៀបចំពិធីបូជាតាមប្រពៃណីសាសនា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំវៀតណាម ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

អដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ដែលត្រូវបានបូជារួច ត្រូវបានតម្កល់នៅក្នុងអគារមិត្តភាពជាបណ្តោះអាសន្នរង់ចាំពិធីឆ្លងមហាចេតិយរួច នឹងធ្វើពិធីរំកិលកោដិយុទ្ធជនទាំង៤៩រូបនោះ ទៅតម្កល់ទុកក្នុងមហាចេតិយទៅតាមការគ្រោងទុក។

សូមជម្រាបថា អដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ត្រូវបានធ្វើពិធីប្រគល់ និងទទួលកាលពីម្សិលមិញ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦ ក្រោមវត្តមាននាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯកបម្រុង ដូ កាន់ អនុប្រធានស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម ដំណាងក្រសួងការបរទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងកម្លាំងប្រដាប់អាវុធហត្ថអាជ្ញាធរដែនដីលោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

បន្ទាប់ពីធ្វើពិធីប្រគល់ និងទទួលរួចកម្ពុជាបានធ្វើពិធីដង្ហែអដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់ អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ទាំង ៤៩រូប ពីទឹកដីវៀតណាមចូលមកតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦។

គួរជម្រាបថា អដ្ឋិធាតុយុទ្ធជនកម្ពុជាទាំងនោះត្រូវបានរក្សាទុកនៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ស្ថិតនៅភូមិសួសរ៉ាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ (ដូនណៃ) ប្រទេសវៀតណាម។ ខេត្តដុងណាយនេះ គឺជាប់ខាងកើតទីក្រុងហូជីមិញ (ព្រៃនគរ)។ គេហៅពិធីនេះថា «ពិធីបើកផ្នូរយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា» ដែលបានធ្វើឡើងព្រឹកថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២២។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា ក្នុងនាមក្រុមការងារបច្ចេកទេសមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា គណៈកម្មការអន្តរក្រសួងនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ ជូនចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់ចលនាឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ និងដោយផ្ទាល់។

នាយឧត្តមសេនីយ៍បានបន្តថា ជាង៤៤ឆ្នាំបានកន្លងផុតទៅ យុទ្ធមិត្តចំនួន៤៩នាក់ ដែលបានពលី និងមរណៈក្នុងកាលៈទេសៈដ៏លំបាកនោះ គឺបានបញ្ចុះនៅក្នុងខេត្តដុងណាយនេះ ហើយមិត្តវៀតណាម បានប្រមូលផ្តុំរៀបចំ ជាបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ដោយបានការយកចិត្តទុកដាក់ផ្តល់ដី ផ្តល់ប័ណ្ណទទួលស្គាល់ពីក្រសួងវប្បធម៌ ដោយទុកតំបន់នោះជាតំបន់ប្រវត្តិសាស្ត្រ៕